ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឹះស្ថានឥណទានជនបទ៥០ត្រូវធនាគារជាតិកម្ពុជាបិទ ក្នុងឆ្នាំ២០១៨

222

ភ្នំពេញ ៖ ធនាគារជាតិកម្ពុជាបានសម្រេចបិទគ្រឹះស្ថានឥណទានជនបទយ៉ាងតិច ចំនួន៥០នៅដើមឆ្នាំ២០១៨នេះដោយសារតែពួកគេមិនបានគោរពច្បាប់ និងបទប្បញ្ញតិ្តដែលមានជាធរមាននៅប្រទេស កម្ពុជា។ ខណៈអត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះ ។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ ឆ្នាំ២០១៨របស់ធនា គារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ២ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ ៃនកម្ពុជាបានលើកឡើងថា គ្រឹះស្ថានឥណទានជនបទ ប្រមាណ ៥០ ដែលមិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដែលក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការ ដោយខ្លួន ឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារ ជាតិនៃកម្ពុជាផ្ទាល់តែម្តង ។
លោកបានបន្តថា៖ ស្របពេលដែលធនាគារជាតិសម្រេចបិទគ្រឹះស្ថានទាំងនោះ អត្រាអតិផរណាមានកម្រិតមធ្យម២,៦ ភាគរយ ហើយអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ ៤.០៣៧ រៀលក្នុងមួយដុល្លារ អាមេរិក។ ស្ថិរភាពនេះបានបន្តពង្រឹងទំនុក ចិត្តរបស់ភ្នាក់ងារសេដ្ឋកិច្ចក្នុងការបង្កើនការវិនិយោគ ការប្រើប្រាស់ និងសកម្មភាព ពាណិជ្ជកម្មនានា ស្របតាមការកើនឡើង ចំណូលដែល ផ.ស.ស. ក្នុងមនុស្សម្នាក់ៗរំពឹងថានឹងកើនឡើងដល់១.៥៦៣ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨នេះ។ ទុនបម្រុង អន្តរជាតិបានកើនឡើងស្មើនឹងប្រមាណ ៦ខែនៃការនាំចូលទំនិញនិងសេវាដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាទូទៅមានកម្រិត៣ខែប៉ុណ្ណោះ។

លោក ជា ចាន់តូ បានថ្លែងថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជាចំពោះការប៉ះទង្គិចផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ទន្ទឹមនេះការប្រើប្រាស់ប្រាក់រៀលត្រូវបានលើកកម្ពស់ជាលំដាប់ ហើយបច្ចុប្បន្នប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងប្រមាណ២២ភាគរយខ្ពស់ជាងឆ្នាំមុន(១៨ភាគរយ) ដោយសារកំណើនជំនឿទុកចិត្តរបស់ សាធារណជនមកលើប្រាក់រៀល។ នៅ ក្នុងវិស័យធនាគារវិស័យនេះបានបន្តរួម ចំណែកយ៉ាង សកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន។ ឥណទានត្រូវបានផ្តល់ដល់គ្រប់វិស័យ ចម្បងៗនៃសេដ្ឋកិច្ចដោយបានកើនឡើងក្នុងអត្រា១៨,៨ភាគរយក្នុងមួយឆ្នាំដែលជាកម្រិតសមស្របសម្រាប់គាំទ្រការរីក ចម្រើនសកម្មភាពសេដ្ឋកិច្ច និងមិនបង្ក ផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ។
លោក ជា ចាន់តូ បានអះអាងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០១៨នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីក ចម្រើនប្រកបដោយភាពជឿជាក់ដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ កំណើនឥណទាននេះបានពឹងផ្អែកកាន់តែច្រើនលើកំណើនប្រាក់បញ្ញើក្នុងស្រុកដែលមានកំណើន២២ភាគរយ។ ទន្ទឹមនេះប្រជា ជនពេញវ័យដែលបានទទួលសេវាហិរញ្ញ វត្ថុបានកើនឡើងដល់៥៧ភាគរយនៃប្រជាជនពេញវ័យសរុបដែលគាំទ្រជាចម្បង ដោយវិស័យមីក្រូហិរញ្ញវត្ថុនិងការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុ ។
លោកបានបន្តថា៖ ការរីកចម្រើនវិស័យធនាគារទទួលបានពីកំណើនជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះក្រោមការដឹកនាំនិងទស្សនៈ វែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ទោះយ៉ាងណាដើម្បីបន្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ការត្រួត ពិនិត្យ និងបទប្បញ្ញត្តិក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ជាពិសេសលើការពង្រឹងភាពរឹងមាំនៃដើមទុនសន្ទនីយភាព(ភាពដែល អាចមានជាសាច់ប្រាក់សម្រាប់ប្តូរផ្តោះ បានភ្លាមៗ) និងការគ្រប់គ្រងហានិភ័យជាប្រព័ន្ធនានាទន្ទឹមនឹងការពង្រឹងកិច្ចការពារអតិថិជន។ ម្យ៉ាងទៀតធនាគារជាតិនៃ កម្ពុជាក៏បានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនានាទប់ស្កាត់ចរាចរណ៍ និងការ ដោះដូរ crypto currency ដែលមិនមានការ អនុញ្ញាត និងការផ្តល់កម្ចីជាមួយនឹងអត្រាការប្រាក់ខ្ពស់របស់អ្នកផ្តល់កម្ចីខុសច្បាប់ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យចាញ់បោកនិងខាតបង់ដោយសារជនខិលខូចមួយ ចំនួន ៕

អត្ថបទដែលជាប់ទាក់ទង