ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ី និងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន

179

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សាហកម្មផលិតសម្ភារ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រទេស ព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរជាតិ។

ការបញ្ជាក់របសលោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាគណៈអធិបតីភាព ជាមួយលោកជំទាវ អ៊ីណា ហានីងត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ប្រឹក្សាពិសេសក្រសួងការបរទេសទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសួនច្បារ​ខាងជើង​ស្ពានថ្ម ក្បែរព្រះរាជដំណាក់​ក្រុង​សៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការចូលរួមពីអាជ្ញាធរដែនដី មន្ត្រីរាជការ ពាណិជ្ជករ អាជីវករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ១០០០នាក់។ ចូលរួមក្នុងពិធីនោះដែររួមមាន លោក ស៊ូឌាម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោកគុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ជា គឹមថា អគ្គនាយកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៥៥៨.៦២លានដុល្លារ (កម្ពុជានាំចូល ៥២៥,៦លានដុល្លារ និងនាំចេញ ៣៣លានដុល្លារ) និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច (ការមិនយកពន្ធត្រួតគ្នា និងទប់ស្កាត់អំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល) ក៏ដូចជាវិស័យទេសចរណ៍ (ការបើកជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតា-ភ្នំពេញ ដែលប្រទេសទាំងពីរបានចុះអនុស្សរណៈនាពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធី អំពីគោលបំណងនៃពិព័រណ៍ពាណិជ្ជកម្ម ដែលផ្តោតលើការអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី។ ពិព័រណ៍ពាណិជ្ជកម្មនេះនឹងដំណើរការអមជាមួយការសម្តែងសិល្បៈផ្សេងៗ ក្នុងរយៈពេល ០៣ ថ្ងៃ (ថ្ងៃទី១៩ ដល់ទី ២១ ខែកក្កដា) ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវប្បធម៌ប្រពៃណី និងទំនៀមទំលាប់គ្នាទៅវិញទៅមក។

សូមជម្រាបថា គិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨​ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ី បានកើនឡើង ៧.៧៥% និងនាំចូលកើនឡើង ៥៤.១៨%។ ដោយឡែកសម្រាប់ឧស្សាហកម្មទោចក្រយាន កម្ពុជាបាននាំចូលបំណែក និងគ្រឿងបន្លាស់ (លីប,​ តួ, ដៃ, ចង្កៀង, អំព្រីយ៉ា…) ពីឥណ្ឌូនេស៊ីចំនួន ៧,១៩លានដុល្លារ នៅក្នុងឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង