ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឱ្យក្រុមណាមួយដែលបំភ្លៃព័ត៌មាន អំពីមូលដ្ឋានទ័ពបរទេស នៅកម្ពុជា គួរតែបញ្ឈប់ប្រឌិត រឿងដែលគ្មានមូលដ្ឋាននេះតទៅទៀត

98

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ» នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងសន្និសីទនោះ លោកបានជម្រាបជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាថ្មីថា ព្រះរាជាណាចក្រកម្ពុជា មិនមានកិច្ចព្រមព្រៀងណាមួយជាមួយចិន ឱ្យមានមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេសនោះឡើយ។ ការផ្សព្វផ្សាយរបស់សារព័ត៌មានទាំងនោះ អំពីមូលដ្ឋានទ័ពបរទេស ឬកិច្ចព្រមព្រៀងឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ (Fake News) ដែលគ្មានវិជ្ជាជីវៈ ដែលហាក់មានចេតនាបំផ្លាញដល់សន្តិសុខរបស់កម្ពុជា និងអធិបតេយ្យភាពរបស់កម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ហើយថា ការចុះផ្សាយនេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតដើម្បីប្រឆាំងជាមួយកម្ពុជា ដោយសាររឿងមូលដ្ឋានទ័ពបរទេសនេះមិនអាចកើតឡើងទេ ព្រោះបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកក្នុងពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោល វាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជា បានចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា ដើម្បីជាលេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងបម្រើឱ្យចរន្តនយោបាយណាមួយតែប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជា ទៅក្រៅប្រទេសនោះដែរ លើកលែងតែបេសកកម្មជាមួយអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ។

ជាងនេះទៅទៀត ប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ ជីវភាពប្រជាពលរដ្ឋមានការអភិវឌ្ឍជាបន្តបន្ទាប់ដែលបានរំកិលពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតមិនត្រូវការវត្តមានកងទ័ពបរទេសណាមួយមកលើដីរបស់ខ្លួនឡើយ ហើយកងយោធពលខេមរភូមិន្ទ ពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងបូរណភាពទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ឡើយ។

ជាថ្មីម្តងទៀត លោកឈុំ សុជាត សូមស្នើឱ្យក្រុមណាមួយដែលបំភ្លៃព័ត៌មានអំពីមូលដ្ឋានទ័ពបរទេសនៅកម្ពុជា គួរតែបញ្ឈប់ប្រឌិតរឿងដែលគ្មានមូលដ្ឋាននេះតទៅទៀត ហើយសារព័ត៌មានទាំងអស់ ក៏មិនត្រូវបន្ទរតាមព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខុសវិជ្ជាជីវៈរបស់ខ្លួននោះដែរ៕

អត្ថបទដែលជាប់ទាក់ទង