ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាប់មន្ត្រីអង្គការ ILO អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង

160

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង តាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អរសិទ្ធិការងារ ព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ជាដើម។

នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នាយិកាកម្មវិធីការងារកាន់តែប្រសើរនៃអង្គការ ILO នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី BFC និងបានសន្យាជួយជំរុញរោងចក្រផលិតសម្ភារៈធ្វើដំណើរ ចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន។

«ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២) ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ ហើយសូមធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ» លោកសូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី ហា ហ្វៀងហុង អំពីគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងកិច្ចសហប្រតិបត្តិការល្អ រវាង ILO-BFC ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានស្នើសុំអង្គការ ILO ផ្ទេរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតអំពីវិធីសាស្រ្តវាយតម្លៃលក្ខខណ្ឌការងារ នៅតាមបណ្តារោងចក្រដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដឹកនាំការត្រួតពិនិត្យនៅក្នុងឆ្នាំបន្ទាប់។

ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានបកស្រាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ​ និងស្បែកជើង។

លោកស្រី​នាយិកា​រូបនេះ ក៏បានសន្យាជួយផ្សព្វផ្សាយបន្ត​នូវព័ត៌មាន​ ស្តី​ពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រុមហ៊ុនវិនិយោគ និងមជ្ឈដ្ឋានអន្តរជាតិ​ ដើម្បី​ទាក់ទាញទំនុកចិត្ត និងចូលរួមលើកស្ទួយ​កិត្តិនាមឧស្សាហកម្មវាយនភណ្ឌ​ និងស្បែកជើង​ នៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង