ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម ដឹកនាំកម្លាំងចុះទម្លាក់ស្លាកអាជីវកម្មខុសច្បាប់របស់ជនបរទេសចំនួន ១២ទីតាំង

46

(ព្រះសីហនុ)៖ ស្លាកយីហោអាជីវកម្មរបស់ជនបរទេស ចំនួន ១២ទីតាំង ស្ថិតនៅម្តុំផ្សារគុជអាស៊ី ក្នុងភូមិ១ សង្កាត់៣ នៃខេត្តព្រះសីហនុ ត្រូវបានកម្លាំងមន្ត្រីចចម្រុះដឹកនាំ លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្វើការទម្លាក់ចោលកាលពីថ្មីៗកន្លងទៅនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារតម្លៃអត្តសញ្ញាណជាតិ។

យោងតាម លោកវ៉េង សុធី ការទម្លាក់ស្លាកអាជីវកម្មជនបរទេសខាងលើ ធ្វើឡើងតាមការណែនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយសាស្លាកទាំងអស់នោះ បានប្រើប្រាស់អក្ខរាវិរុទ្ធ និងពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងប្រពៃណីវប្បធម៌របស់កម្ពុជា។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា បន្ទាប់ពីទម្លាក់ស្លាកហើយ កម្លាំងមន្ត្រីបានធ្វើការណែនាំ និងពន្យល់ណែនាំជនបរទេស ដែលជាម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះ គឺជាឈ្មោះដើមនៃស្លាកយីហោអាជីវកម្ម ដែលត្រូវបានកម្លាំងមន្ត្រីធ្វើការទម្លាក់៖
១. អាហារដ្ឋាន ឈឹង ទូ
២. ​នាំសំបុត្របុរស
៣. កាហេផែឈើតែចិន
៤. រឿងផ្អែមល្ហែម
៥. ចៅស៊ាន ហាងលក់
៦. ទីក្រុងកំសាន្តបុរីគុជ់អាស៊ី
៧. ទីក្រុងចូវចូវនឹងមកម្តងទៀត
៨. ជីកដីឡើង ភ្នែកចាប់
៩. មជ្ឈមណ្ឌលបោះដុំខ្សែកមាសហ័រឡុង កំពុងសោម
១០. បើកកិច្ចប្រជុំ
១១. អាហាររបស់អធិរាជ
១២. មជ្ឈមណ្ឌលផ្សារទំនើបក្រុងគុជហ័ររិនក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង