ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង AIMS ជួយកសិករផលិតសូត្រមាស ដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងបង្កើនប្រាក់ចំណូលជូនស្ត្រីនៅជនបទ

83

សៀមរាប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលបំណងសំខាន់របស់គម្រោង AIMS គឺដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងកាត់បន្ថយភាពក្រីក្រ ហើយការដាក់បញ្ចូលសូត្រមាស ឬសូត្រប្រណិត ជាផ្នែកមួយនៃគម្រោងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងបង្កើនប្រាក់ចំណូលដល់ស្ត្រីនៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចសិប្បកម្មផលិតសូត្រ Golden Silk Pheach ដែលមានដាំដើមមន និងចិញ្ចឹមកូនដង្កូវនាងយកស្រាវសរសៃសូត្រ និងផលិតកម្មសូត្រ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យខិតខំថែរក្សាមុខរបរប្រពៃណីតម្បាញសូត្រ និងបានពន្យល់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល, ការស្វែងរកទីផ្សារ និងការជំរុញលើកស្ទួយផលិតផលសូត្រមាស ឬសូត្រប្រណិតរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មការនាំចេញ និងកាត់បន្ថយការនាំចូលសរសៃសូត្រឆៅពីបរទេស។

«ក្រសួងពាណិជ្ជកម្ម តែងចាត់ទុកផលិតផលសូត្រ ជាទំនិញមានសក្តានុពលខ្ពស់ទាំងវប្បធម៌ និងសេដ្ឋកិច្ច! កន្លងមក យើងតែងគាំទ្រសកម្មភាពផលិតសូត្រនៅតាមសហគមន៍ ហើយតាមរយៈគម្រោង AIMS យើងកំពុងខិតខំអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលនេះ ដោយតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ ដើម្បីជំរុញការនាំចេញ។ ដូច្នេះសូមបងប្អូនចូលរួមជាមួយគម្រោងយើងខ្ញុំ» លោកសូរស័ក្តិ បានគូសបញ្ជាក់។

គួរកត់សម្គាល់ថា សូត្រមាស ឬសូត្រប្រណិត ស្ថិតនៅក្នុងចំណោមផលិតផលអាទិភាពចំនួន ១០ សម្រាប់ជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីលើកកម្ពស់ផលិតកម្មសូត្រមាស សំដៅបង្កើតការងារជូនស្ត្រីនៅតំបន់ជនបទ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រចេ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចងក្រងយុទ្ធសាស្រ្តសូត្រជាតិ ឆ្នាំ២០១៦-២០២០ ដោយផ្តោតលើការអភិរក្សប្រពៃណីវប្បធម៌តម្បាញសូត្រ ការបណ្តុះបណ្តាលបច្ចេកទេស និងការធ្វើទំនើបកម្មផលិតកម្មសូត្រមាស ប្រកបដោយចីរភាព។

អត្ថបទដែលជាប់ទាក់ទង