ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ​ហ៊ុន ​ម៉ាណា ​​នាំ​ក្រុម​គ្រូពេទ្យ ​ចុះពិ​និត្យ ​ពិគ្រោះ ​និង​ព្យាបាលជូន​ប្រជាពល​រដ្ឋ​ឥត​គិត​ថ្លៃនៅ​កំពង់​ធំ

88

កំពង់ធំ៖ លោកស្រី​ ហ៊ុន​ ម៉ាណា ​ប្រធាន​ក្រុម​វេជ្ជសាស្ត្រស​ម្តេចតេជោ ​បាន​ដឹក​នាំក្រុមគ្រូ​ពេទ្យ​ ចុះពិនិត្យ ​ពិគ្រោះ ​និង​ព្យាបាល​ជំងឺ​ជូន​ពុកម៉ែ ​បង​ប្អូន ​ប្រជាពល​រដ្ឋ​ សរុបចំនួន​១,៧២ ៣​នាក់​ដោយ​ឥតគិត​ថ្លៃ​។ ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាបឋមសិក្សាសំបួរ ស្ថិត នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការ ចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការ ងារ ។

លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះ សំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃ២៩ កក្កដា ឆ្នាំ២០១៩ ។
លោកស្រី បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយយ៉ាងក្រៃលែង។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចំនួន ៣០០នាក់, ចែកជូនសម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស, សម្លៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង