ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមឆបោកដើរចង្អុលដីគេ លក់យកលុយកក់៥ម៉ឺនដុល្លារ ត្រូវអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន

91

កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយម្ចាស់ដីស្របច្បាប់នៅសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួន ក្រុមជនល្មើសចំនួន៥នាក់ មានស្រីម្នាក់ ដែលតាំងខ្លួនជាម្ចាស់ដី ហើយដើរចង្អុលដីគេលក់យកប្រាក់កក់ បានចំនួន៥ម៉ឺនដុល្លារ។

ករណីឃាត់ខ្លួនក្រុមជនល្មើសជាក់ស្ដែង ពេលកំពុងតែរាប់លុយកក់ចំនួន ៥ម៉ឺនដុល្លារនេះ គឺធ្វើឡើងនៅក្នុងហាងបាយមួយកន្លែង នៅតាមផ្លូវជាតិលេខ៥១ ក្នុងភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យ ត្រូវជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រុមជនសង្ស័យរកស៊ីដើរចង្អុលដីគេ លក់យកលុយកក់រួចហើយគេចខ្លួននេះ មានគ្នា៥នាក់ត្រូវបានធ្វើការឃាត់ខ្លួន ជាមួយនឹងវត្ថុតាងជាក់ស្តែង រួមមានប្លង់ដីកូពីទំហំជាង ១៧ហិកតា និងកិច្ចសន្យាប្រគល់ទទួលប្រាក់កក់ ៥ម៉ឺនដុល្លារ ហើយពេលកំពុងរាប់ប្រាក់ពីម្ចាស់ដី ដែលក្លែងជាអ្នកទៅទិញដីនោះវិញ។

ជនសង្ស័យដែលតាំងខ្លួនជាអ្នកទទួលសិទ្ធិលក់ដីនេះ ពីម្ចាស់ដីខាងលើ រួមមានឈ្មោះ នូន ប៊ុណ្ណា, ឈ្មោះ ច្រឹក ចិត្រា, ឈ្មោះ តន់ សុផាន់ណារិន (ស្រី), ឈ្មោះ ហ៊ាន អេងទ្រី និងឈ្មោះ ភោគ សានិន ហៅ សម្បត្តិ។

លោក ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការនេះ បានឲ្យដឹងថា ក្រោមដីកាបង្គាប់ និងសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកស្រី ចន្ទ សូរស្មី និងមានការចង្អុលបង្ហាញពី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសបាន ៥នាក់ ជាមួយនឹងវត្ថុតាងជាក់ស្តែងនៅកន្លែងតែម្តង ខណៈពួកគេកំពុងធ្វើកិច្ចសន្យាកក់ប្រាក់លក់ដី ជាង១៧ហិកតា ពេលជនល្មើសកំពុងទទួលប្រាក់កក់ ចំនួន៥ម៉ឺនដុល្លារ ពីម្ចាស់ដីដើមស្របច្បាប់ផ្ទាល់តែម្តង។

លោកបានបន្តថា នេះជាករណីឆបោកដីធ្លីធំលើកដំបូង ដែលកងកម្លាំងអាវុធហត្ថខេត្ត បានធ្វើការបង្ក្រាបខណៈដែលកន្លងមកធ្លាប់មានតែករណីឆបោកតូចៗ ហើយក្រុមនេះជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ ហើយដោយមានកិច្ចសហការយ៉ាងល្អ ពីម្ចាស់ដីផ្ទាល់ ទើបធ្វើឲ្យសមត្ថកិច្ច អាចក្រសោបបានក្រុមជនល្មើស ក្នុងពេលកំពុងប្រព្រឹត្តល្មើសជាក់ស្តែងតែម្តង។

ដីទំហំជាង១៧ហិកតា ស្ថិតនៅក្នុងភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធិស្របច្បាប់របស់ឈ្មោះ លឹម ជិប និងឈ្មោះ លីម ហ្វា ដែលមានឯកសារប្លង់រឹង កាន់កាប់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ៖ 05050718-0001 នៃសន្លឹកផែនទីលេខ៖ 5932-lll 121 ចេញដោយសុរិយោដី ខេត្តកំពង់ស្ពឺ។ ប៉ុន្តែជនល្មើសដែលតាំងខ្លួនថា ទទួលសិទ្ធិពីម្ចាស់ដីខាងលើនេះ បានយកដីនេះមកលក់ប៉ះចំលើម្ចាស់ដី។

ម្ចាស់ដីក៏ចាត់តំណាងប្រើល្បិចធ្វើជាទិញដីនេះវិញ ដើម្បីវែកមុខជនល្មើសដែលក្លែងបន្លំ និងឆបោក។ ជាលទ្ធផល ពេលមានការព្រមព្រៀងគ្នា ជនល្មើស ក៏បានទៅចង្អុលបង្ហាញដីនេះចំលើប្លង់ដីរបស់ខ្លួនតែម្តង និងបានធ្វើលិខិតទទួលប្រាក់កក់ទ្រនាប់ដៃ ចំនួន៥ម៉ឺនដុល្លារ ដែលមានឈ្មោះ នួន ប៊ុណ្ណា រស់នៅភូមិចុងស្រុក ឃុំជង្រក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឈរជាតំណាងឲ្យបក្ខពួក កក់ពីលើតម្លៃដីសរុបជាង៣លាន១ម៉ឺនដុល្លារ ដែលត្រូវបង់បន្ថែមបង្គ្រប់ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ទៅតាមការព្រមព្រៀងនិងត្រូវទូទាត់តាមធនាគារផង។

ប៉ុន្តែគ្រប់សកម្មភាព គឺសុទ្ធតែស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានត្រៀមខ្លួនទុកជាមុន ហើយនៅពេលដែលរៀបចំលិខិត កិច្ចសន្យាប្រគល់ប្រាក់ ផ្តិតមេដៃរួចរាល់ ពីភាគីទាំងសងខាង និងប្រគល់ប្រាក់កក់ ចំនួន៥ម៉ឺនដុល្លារ ខណៈក្រុមជនល្មើសកំពុងរាប់ប្រាក់ សមត្ថកិច្ចក៏ធ្វើសមកម្មភាពឃាត់ខ្លួនក្រុមនេះ ជាមួយភស្តុតាងជាក់ស្តែង។

លោក ទឹម សារ៉ូ មេឃុំព្រះស្រែ ដែលជាអាជ្ញាធរមូលដ្ឋាន បានអះអាងពីករណីនេះដែរថា វាជាករណីដំបូងក្នុងមូលដ្ឋានឃុំព្រះស្រែរបស់លោក ពីមុនមកលឺតែគេថា ហេតុនេះលោកសូមអំពាវនាវ ដល់អ្នកលក់ និងអ្នកទិញដី សូមឲ្យមានការប្រុងប្រយ័ត្ន ពីព្រោះថាបច្ចុប្បន្នមានជនខិលខូចមួយចំនួន បានប្រើគ្រប់វិធីឆបោក ក្លែងបន្លំបែបនេះ នៅក្នុងការទិញលក់ដីខណៈដែលទីផ្សារដីធ្លីកំពុងតែមានហាងឆេង។

លោកបន្តថា ហេតុនេះអ្នកមកទិញដីក្នុងមូលដ្ឋានឃុំព្រះស្រែនេះ សូមពិនិត្យមើលរាល់ឯកសារ និងស្រាវជ្រាវរកម្ចាស់កម្មសិទ្ធិ ដែលពិតប្រាកដ មុននឹងសម្រេចចិត្តទិញ ឬលក់ ហើយយកល្អគួរមកសាកសួរអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីកុំឲ្យមានរឿងកើតឡើងដូចនេះ នាំខូចឈ្មោះស្រុកភូមិលោកផង។

សូមបញ្ជាក់ថា ដីដែលក្រុមជនឆបោកតាំងខ្លួនជាម្ចាស់ មានទំហំ ១៧៥,២៥៦ម៉ែត្រការ៉េ ត្រូវក្រុមជនល្មើសប្រកាសដាក់លក់ ក្នុងតម្លៃ៣៥ដុល្លារ ក្នុង១ម៉ែត្រការ៉េ ហើយកបានចាប់ម៉ូយប៉ះចំលើម្ចាស់ដីដើមផ្ទាល់ ទើបបានជាម្ចាស់ដីសហការជាមួយសមត្ថកិច្ច និងតំណាងអយ្យការអមតុលាការខេត្ត ប្រមូលភស្តុតាង និងប្រើកម្លាំង ចុះចាប់ខ្លួនបាន៕

អត្ថបទដែលជាប់ទាក់ទង