ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីមកពីផឹកស្រាស្រវឹង វាយប្រពន្ធ ស្លាប់ភ្លាមៗ

65

ភ្នំពេញ៖ ជនបង្កបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ខ្លួនតែងតែប្រចណ្ឌប្រពន្ធខ្លាំងពេក និងរករឿងឈ្លោះជាមួយប្រពន្ធស្ទើររាល់ថ្ងៃ ទើបមកពីផឹកស្រាវិញ
វាយប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មានមុខរបរជាស្រី្តមេផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កឈ្មោះ ផង់ សំណាង មានអាយុ២៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប។

ជនបង្កបានសារភាពថា ខ្ញុំប្រចណ្ឌប្រពន្ធខ្លាំង ហើយរករឿងឈ្លោះជាមួយប្រពន្ធស្ទើររាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុ ទើបតែមកពីផឹកស្រា មកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែកគ្នា វាយប្រពន្ធរបស់ខ្លួន២ដៃចំគុំថ្គាម និងក្ដោងច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់ពីវាយរួចជនបង្កបានរត់ឆោឡោ ហៅបងប្អូន ដើម្បីឲ្យមកជួយសង្រ្គោះតែនារីរងគ្រោះបានដាច់ខ្យល់ ស្លាប់។

ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការសាកសួរនាំ នៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង