ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ រំលឹកខួប១០ឆ្នាំថ្ងៃបញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ជាព្រឹត្តិការណ៍រម្លឹកពីជ័យជំនះរបស់កម្ពុជា

228

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមពិធីអបអរសាទរខួប ១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប ១ឆ្នាំនៃការដាក់បញ្ចូលតំបន់នៃប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨)។ ពិធីជួបជុំអបអរសាទរនេះ បានធ្វើឡើងយ៉ាងអធិកអធម នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ពិធីជួបជុំនេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អង្គទូត កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។ នៅក្នុងពិធីនេះ ក៏មានការសម្តែងសិល្បៈជាច្រើនប្រភេទ ដូចជា របាំបុរាណ ចម្រៀងពង្សសាវតាខ្មែរ ចម្រៀងបុរាណ សម័យ និងសិល្បៈខ្មែរជាច្រើនទៀត។

ក្នុងពិធីជួបជុំរម្លឹកខួបជាប្រវត្តិសាស្ត្រនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បញ្ជាក់សារជាថ្មីថា កម្ពុជាដែលបានសម្រេចដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុកដោយដូនតា ដល់មនុស្សជាតិទាំងឡាយ មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជា សូម្បីតែមួយមីល្លីម៉ែត្រនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសសន៍បន្តទៀតថា ពិធីអបអរសាទរថ្ងៃនេះ គឺជាការរំលឹក និង ដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកស្នាដៃដ៏មហស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀត ជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំ និងកុលបុត្រ កុលធីតាខ្មែរ នាសម័យបច្ចុប្បន្ន មិនបានព្រងើយកន្តើយ ចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បីនៃស្នាដៃបុព្វបុរសខ្មែរ ទៅកាន់ពិភពលោកឲ្យកាន់តែខ្ទរខ្ទារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា អំពីយុទ្ធសាស្ត្រដឹកនាំប្រទេសជាតិលើយុទ្ធសាស្ត្រអាទិភាពសំខាន់២ ដែលនាំសេចក្តីសុខដល់កម្ពុជាផង និងប្រទេសជិតខាងផង គឺទី១ ប្រែក្លាយតំបន់សមរភូមិក្តៅអោយទៅជាកន្លែង ដែលមានសន្តិភាព និងការអភិវឌ្ឍ និងទី២ គឺប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាង ទៅជាកន្លែង ដែលមានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារប្រាង្គប្រាសាទទាំងអស់ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងសម្បត្តិវប្បធម៌ផ្សេងៗរបស់ប្រទេសជាតិជាច្រើនទៀត។

ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់ខែកក្កដា ឆ្នាំ២០១៨ កម្ពុជាបានដាក់បញ្ចូលសម្បត្តិវប្បធម៌ ចូលជាបេតិកភណ្ឌពិភពលោក ចំនួន ៨ រួមមាន៖
១-ប្រាសាទអង្គរវត្ត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
២-របាំព្រះរាជទ្រព្យ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣
៣-ល្ខោនស្បែកធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
៤-ប្រាសាទព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨
៥-គុកទួលស្លែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩
៦-ល្បែងទាញព្រ័ត្រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥
៧-ចាប៉ីដងវែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
៨-ប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧

បេតិកភណ្ឌពិភពលោក គឺជាអ្វីៗដែលជាវត្ថុរូបិយ និងអរូបិយរបស់មនុស្សជាតិ ទាំងវប្បធម៌ និងធម្មជាតិ។ ចំពោះសម្បត្តិវប្បធម៌រូបិយ គឺជាសំណង់ផ្សេងៗ ដូចជា ប្រាសាទបុរាណ ឬវត្តអារាម ។ល។ រីឯសម្បត្តិវប្បធម៌អរូបិយ រួមមាន សិល្បៈ របាំ ដូចជា របាំបុរាណ ល្ខោន ជាដើម។
សម្រាប់សម្បត្តិវប្បធម៌ ជាបេតិកភណ្ឌជាតិ ត្រូវបានគេចាត់ទុកថា គឺជារបស់មួយ មានតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបាន ពីព្រោះវត្ថុទាំងអស់នោះ គឺជាតំណាងឲ្យអត្តសញ្ញាណ ឬជាដួងព្រលឹងរបស់ជាតិសាសន៍នីមួយៗ។
ចំណែកឯសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកវិញ ត្រូវបានគេចាត់ទុកថា ជាវត្ថុមួយដ៏ខ្ពង់ខ្ពស់ និងមានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន ពីព្រោះវត្ថុនេះ គឺជាកេរមរតករបស់មនុស្សជាតិជំនាន់មុនៗ ដែលបានកសាងទុកមកជាយូរអង្វែង សម្រាប់ពិភពលោកទាំងមូល។ សម្បត្តិវប្បធម៌ ដែលគេអាចហៅថា បេតិកភណ្ឌបាន គឺវត្ថុនោះ មានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។
ជាការពិតណាស់ ដោយយល់ឃើញថា សម្បត្តិវប្បធម៌ បេតិកភណ្ឌរបស់កម្ពុជា ពិសេសប្រាសាទ របាំ និងល្ខោន ទាំង ៨ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានសារសំខាន់ ទើបកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែង ការពារ និងរក្សាទុកឲ្យបានគង់វង្សសម្រាប់ជាតិសាសន៍កម្ពុជាផង និងសម្រាប់មនុស្សជាតិទូទាំងពិភពលោក។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំអង្គការយូណេស្កូ ដាក់បញ្ចូលសម្បត្តិវប្បធម៌ជាតិទាំងនោះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពោលគឺកម្ពុជា មិនត្រឹមតែអភិរក្ស ការពារ និងរក្សាទុកសម្បត្តិវប្បធម៌ទាំងនោះ ជារបស់កម្ពុជាទេ តែកម្ពុជាក៏បានស្នើសុំឲ្យអង្គការយូណេស្កូ ចុះឈ្មោះសម្បត្តិបេតិកភណ្ឌទាំងអស់នោះ ជាសម្បត្តិរួមរបស់មនុស្សជាតិ ដើម្បីបន្តថែរក្សាការពារ ទុកជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។

គេនៅចាំបានថា នៅពេលប្រាសាទព្រះវិហារ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គឺ១សប្តាហ៍ក្រោយមក កងទ័ពថៃ ក៏បានលើកទ័ពចូលឈានពាននៅតំបន់ព្រំដែនប្រាសាទព្រះវិហាររបស់កម្ពុជាយើង ដោយថៃ អះអាងថា ទឹកដីនៅម្តុំប្រាសាទនោះ ជារបស់ខ្លួន។

ក៏ប៉ុន្តែកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានទប់ស្កាត់មហិច្ឆតារបស់ថៃ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទាំងផ្នែកយោធា ទាំងផ្នែកតុលាការ និងទាំងផ្នែកការទូត។
គេនៅចាំបានថា សង្គ្រាមបាញ់ប្រហាររវាងកងទ័ពកម្ពុជា និងថៃ បានកើតឡើងជាញឹកញាប់ ចាប់តាំងពីថៃ លើកទ័ពចូលឈ្លានពាននៅព្រំដែនប្រាសាទព្រះវិហារ ហើយរាលដាលដល់ខេត្តឧត្តរមានជ័យ រហូតដល់ព្រំដែននៅខេត្តកោះកុង។ ប៉ុន្តែរាល់សមរភូមិ បាញ់ប្រហារទាំងនោះ គឺកងទ័ពកម្ពុជា មានប្រៀប និងឈ្នះថៃជានិច្ច។
ផ្នែកតុលាការវិញ កម្ពុជាក្នុងពេលជាប់ដៃធ្វើសង្គ្រាមនៅព្រំដែនជាមួយថៃ គឺរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តឹងទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេ ឲ្យបកស្រាយឡើងវិញនូវសាលក្រម ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងការសម្រេចសេចក្តីឲ្យកម្ពុជាឈ្នះថៃ លើសំណុំរឿងប្រាសាទព្រះវិហារ។ ក្នុងពេលនោះ តុលាការឡាអេ ក៏បានសម្រេចឲ្យកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឈ្នះថៃជាថ្មីទៀត ហើយសម្រេចឲ្យថៃដកទ័ពចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ។
ចំណែកផ្នែកការទូតវិញ ក៏គេនៅចាំបានថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលកាលណោះ ជារដ្ឋមន្ត្រីការបរទេស ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយបានថ្កោលទោសចំពោះថៃ ដែលបានលើកទ័ពទាំងគគ្លើនចូលឈ្លានពានកម្ពុជា និងបានបង្កសង្គ្រាម បណ្តាលឲ្យស្លាប់របួសប្រជាជន និងខូចខាតដល់ប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ថែមទៀតផង។
សរុបមក ការប្រារព្ធពិធីជួបជុំរម្លឹកខួប ១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប ១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ធ្វើឲ្យគេនឹកឃើញដល់ព្រឹត្តិការណ៍ ដែលកម្ពុជា បានយកឈ្នះថៃ គ្រប់ផ្នែក ទាំងផ្នែកយោធា ទាំងផ្នែកការទូត និងលើបណ្តឹងនៅតុលាការអន្តរជាតិ ទីក្រុងឡាអេ លើករណីប្រាសាទព្រះវិហារ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ នៅព្រំដែនរវាងប្រទេសជិតខាង ពិសេសនៅតំបន់ប្រាសាទព្រះវិហារ៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង