ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំ ពិភាក្សាផលប៉ះពាល់ការស្ថាបនា មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ពីផ្លូវជាតិលេខ២ ដល់ផ្លូវ៣៧១

212

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេងជាអភិបាល កាលពីព្រឹកថ្ងៃទី១២ មិថុនានេះបានដឹកនាំមន្ត្រីជំនាញ តំណាងក្រុមហ៊ុនINGដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍តំបន់ជើងឯក និងអាជ្ញាធរមូលដ្ឋាន បើកកិច្ចប្រជុំ ពិភាក្សាមួយ ស្តីផលប៉ះពាល់លើគម្រោងស្ថាបនា មហាវិថីអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ដែលមាន ទទឹង៣០ម៉ែត្រពីផ្លូវជាតិលេខ២ ដល់ផ្លូវ៣៧១។ ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង គឺដើម្បីជម្រុញអោយការងារនេះ អនុវត្តទៅបានរលូន កាត់បន្ថយផលប៉ះពាល់អោយនៅកម្រិតមួយ តិចតូចបំផុតនិងទទួលយកបានទាំងអស់គ្នា។

 

មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង ជាគម្រោងចាស់ មានទទឹង៣០ម៉ែត្រ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ផ្លូវនេះមានសារៈសំខាន់ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន_ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនេះថាអាជ្ញាធររាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវមួយខ្សែ ទំហំទទឹង៣០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅតភ្ជាប់ផ្លូវ៦០ម៉ែត្រ និងបន្តទៅផ្លូវ៣៧១ស្ថិតនៅ តំបន់អភិវឌ្ឍន៍ជើងឯក ក្នុងខណ្ឌមានជ័យដែលជា គម្រោងធ្វើឲ្យមានជាសរសៃឈាមបន្ថែមទៀត នៅក្នុងការរៀបចំឲ្យមានប្រព័ន្ធចរាចរណ៍ មានលក្ខណៈល្អប្រសើរ ដើម្បីកាត់បន្ថយការកកស្ទះ នៅតំបន់ច្រមុះជ្រូកក្បាលថ្នល់។

លោកបានបន្តថា ផ្លូវថ្មីមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ដែលការសាងសង់ផ្លូវមួយខ្សែថ្មីនេះ ក្នុងគោលបំណង២ គឺទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំនិងសម្រួលឲ្យមានចរន្តសរសៃឈាមនៃការធ្វើចរាចរណ៍បានល្អប្រសើរ។

លោកបានបញ្ជាក់ថា នៅពេលដែលមានវត្តមានផ្លូវមួយខ្សែថ្មីនេះ ខណៈពេលដែលប្រជាពលរដ្ឋ បានធ្វើដំណើរតាមផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរ ទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល ដោយពុំបាច់រង់ចាំធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់សូគីម៉ិច ទើបមកតាមផ្លូវ៦០ម៉ែត្រ ឬផ្លូវជាតិលេខ២ នោះទេ ។

លោកបានបញ្ជាក់ផងដែរ គម្រោងផ្លូវថ្មីនេះនឹងមានការ នឹងការតភ្ជាប់ជាមួយ នឹងស្ពានមួយខ្សែដែលស្របជាមួយនឹងផ្លូវនេះ និងផ្លូវនេះឆ្លងកាត់ប្រឡាយចុះមកពីបឹងទំពុន ដែលត្រូវសាងសង់ស្ពានមួយប្រវែង៨០ម៉ែត្រ ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរអំពីប្លង់មេ និងផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ ហើយគម្រោងអាចនឹងប៉ះពាល់ ទៅលើគម្រោង អាងប្រព្រឹត្តិកម្មចម្រោះទឹកស្អាត ដែលជាគម្រោងរបស់ចៃកា និងគម្រោងដទៃទៀត ដែលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ តាមតំបន់ផ្លូវត្រូវស្ថាបនានេះ៕

អត្ថបទដែលជាប់ទាក់ទង