ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកថ្នាំជ្រលក់ម្រាមដៃអ្នកបោះឆ្នោត ជាង៥ម៉ឺនដប នឹងត្រូវបង្ហាញពីគុណភាពនៅថ្ងៃស្អែក

87

ភ្នំពេញ៖ ទឹកខ្មៅជ្រលក់ម្រាមដៃអ្នកបោះឆ្នោត ដែលទិញពីប្រទេសឥណ្ឌា បានដឹកជញ្ជូនមកដល់កម្ពុជាហើយ គឺនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ និងនៅថ្ងៃទី៧ ខែកក្កដា ហើយដើម្បីបញ្ជាក់ពីគុណភាពនៃទឹកថ្នាំជ្រលក់ម្រាមដៃនេះ គ.ជ.ប នឹងធ្វើការបង្ហាញជូនសាធារណជនជាសាធារណៈនៅថ្ងៃស្អែក ។

នាវេលាម៉ោង ១០​ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ គ.ជ.ប នឹងត្រូវបានបង្ហាញ និងបកស្រាយ ក្នុងកិច្ចប្រជុំស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត​ ព្រមទាំងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ​ ។ ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងអស់នោះ មានចំនួន ៥១.០០០ដប ក្នុង១ដបមានចំណុះ ៧០មីលីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥ភាគរយ។ ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងនោះ ត្រូវបានទិញពីប្រទេសឥណ្ឌាទាំងអស់ ហើយត្រូវបានដឹកមកកម្ពុជាចំនួន២ជើង ដោយជើងទី១.ដឹកមកដល់កម្ពុជានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ និងជើងទី២.ដឹកមកដល់កម្ពុជានៅថ្ងៃទី៧ ខែកក្កដា។
គ.ជ.ប នឹងបញ្ជូនទឹកខ្មៅជ្រលក់ម្រាមដៃនោះ ទៅកាន់ការិយាល័យបោះឆ្នោតបន្តបន្ទាប់ទៀត ដោយទុកប្រើប្រាស់ ក្នុងមួយការិយាល័យចំនួន ២ដប យកទៅរក្សាទុកក្នុងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប ឬ PEC) ចំនួន៣.២៩២ដប និងទុកបម្រុងនៅ គ.ជ.ប ចំនួន១.៧៧៤ដប៕

អត្ថបទដែលជាប់ទាក់ទង