ទឹកទន្លេមេគង្គបានហក់ឡើង ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបនានា មេត្តារូសរាន់ ប្រមូលកសិផលឲ្យបានទាន់ពេលវេលា
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១៦ខែកក្កដា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយបានព្យាករណ៍ថា ទឹកទន្លេមេគង្គបានហក់ឡើង ដោយសារនៅប្រទេសឡាវនិងថៃ កំពុងទទួលរងនូវប្រព័ន្ធសម្ពានទាប ធ្វើឲ្យមានភ្លៀងយ៉ាងខ្លាំង ទើបធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំង និងជះឥទ្ធិពលដល់កម្ពុជា។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ រួចមក ក្រសួងសូមជម្រាបជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើង។
ប្រភពដដែល បានបញ្ជាក់ថា ក្នុងអំឡុងពេល២ឬ៣ថ្ងៃ ខាងមុខនេះ ទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជា នឹងហក់ឡើង ហើយចាប់ផ្តើម ហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ។ សេចក្តីដូចបានជម្រាបជូននេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម និងដែលកំពុងប្រកបរបរកសិកម្មនៅអមសងខាងផ្លូវទឹក និងតំបន់ទំនាបនានា មេត្តារូសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា៕