គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋាន
ភ្នំពេញ ៖ដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្កា ទប់ស្កាត់ រាល់បទល្មើសនានាតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋាននាភូមិសាស្រ្តខណ្ឌចំការមនរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានដឹកនាំកម្លាំងចម្រុះដោយលោកស្រីកែវ សាម៉ុលអភិបាលរងខណ្ឌចំការមនបានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចគោលដៅនៅផ្លូវលេខ៧៨ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនតែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និង ចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋាននៅតាមបណ្ដាសង្កាត់ទាំង៥និងនៅតាមបណ្តោយផ្លូវសំខាន់ៗនៅក្នុងមូលដ្ឋានចំការមនហើយនៅតាមគោលដៅនិមួយៗដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសហការណ៍គ្នាជាមួយកម្លាំងប្រជាការពារខណ្ឌនិងសង្កាត់ដោយបានដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនដែលមាន៥សង្កាត់និងកន្លែងប្រមូលផ្ដុំគ្នាដើរលេងកម្សាន្តសប្បាយនៅតាមទីសាធារណៈ សួនកម្សាន្ត និង តាមទីផ្សារទំនើប ៗ,អាហារដ្ឋាននានា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនដល់ពួកគាត់ក្នុងនោះត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌចំការមននេះផងដែរ ។
ជាលទ្ធផលបានត្រួតពិនិត្យយានយន្ដគ្រប់ប្រភេទសរុប១៥៥គ្រឿងក្នុងនោះម៉ូតូ៨០គ្រឿង ម៉ូតូកង់បី៣០គ្រឿងនិងឡាន៤៤គ្រឿង៕