ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ជាជម្រើសដែលមិនអាចខ្វះបាន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាជម្រើសដែលមិនអាចខ្វះបាន ដើម្បីពង្រឹង ពង្រីកសមត្ថភាព លទ្ធភាព និង សក្តានុពលភាពរបស់កងទ័ព ទៅតាមការវិវត្តន៍រីកចម្រើន របស់សង្គមនៃសម័យបច្ចេកវិជ្ជាទំនើប។
សិក្ខាសាលាបូកសរុបលទ្ធផលការងារបុគ្គលិក រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅអនុវត្តបន្ត (២០២០-២០២៤) ដែលរៀបចំឡើងដោយនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានដំណើរការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលជាអធិបតីក្នុងពិធីនេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ កម្មវិធីកំណែទម្រង់ទាំងឡាយ ដើម្បីឲ្យមានលក្ខណៈកាន់តែទូលំទូលាយ និងស៊ីជម្រៅ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងស្នើឲ្យអង្គសិក្ខាសាលា ត្រូវយកចិត្តទុកដាក់ ពិនិត្យនូវការកំណត់ទិសដៅភារកិច្ច សម្រាប់ពេលខាងមុខ ដើម្បីបំពេញបន្ថែម ឬសំណូមពរចាំបាច់នានា សំខាន់លើបញ្ហាធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះពាក់ព័ន្ធការងារបុគ្គលិក ដូចជា ការកែសម្រួលរចនាសម្ព័ន្ធ ចាត់តាំងមានលក្ខណៈសមស្រប ដែលបច្ចុប្បន្ននៅមានភាពសំពីងសំពោង ត្រួតគ្នា រវាងក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក៏ដូចជា បណ្តាប្រភេទទ័ព យោធភូមិភាគ និងទ័ពជំនាញ ។ ការគ្រប់គ្រងកម្លាំង ដឹកនាំបញ្ជាកម្លាំងទ័ព ត្រូវសមស្របតាមក្របខ័ណ្ឌកំណត់ជៀសវាងការប្រមូលផ្តុំកម្លាំង នៅស្ថាប័នបម្រើសេវាលើសការកំណត់ ការគ្រប់គ្រងកម្លាំងទ័ពត្រូវមានការឯកភាព និងការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ ការតែងតាំងផ្លាស់ប្តូរមុខងារ និងឋានន្តរសក្តិ សុំឲ្យពិភាក្សាលម្អិត លើគម្រោងផែនការ ដែលជំនាញបានដាក់ឲ្យ ដោយផ្អែកលើច្បាប់ ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តនានា។ ការដាក់យោធិនឲ្យចូលនិវត្តន៍តាមច្បាប់កំណត់ តាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ការជ្រើសរើសទ័ពបំពេញក្របខ័ណ្ឌ ត្រូវយកចិត្តទុកដាក់សម្រិតសម្រាំង តាមលក្ខខណ្ឌកំណត់ ដើម្បីធានាបានទាំងបរិមាណ និងគុណភាព។ ការបណ្តុះបណ្តាល ត្រូវជ្រើសរើស នាយទាហាន នាយទាហានរង និងពលទាហាន មានស្នាដៃល្អ និងមានអនាគតរីកចម្រើន និងប្រើប្រាស់សមស្របតាមមុខជំនាញ ដែលបានបណ្តុះបណ្តាល។ ការងារសន្តិសុខផ្ទៃក្នុង ត្រូវយកចិត្តទុកដាក់ជ្រើសរើស និងប្រើប្រាស់យោធិនឲ្យគោរពច្បាប់ មានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពច្បាប់ បង្ការ ទប់ស្កាត់ការជ្រៀតចូលកម្លាំងអមិត្ត ក្នុងកងយោធពលខេមរភូមិន្ទ៕





