ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបញ្ជាក់ពីការមិន រុះរើកន្លែងលក់ដូររបស់អាជីវករនៅជុំវិញផ្សារសេនជូរីផ្លាហ្សាខណៈការដ្ឋានស្ថាបនាផ្សារនេះអោយក្លាយជាផ្សារទំនើបបាននិងកំពុងចាប់ផ្តើម

102

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានបញ្ជាក់យ៉ាងមុតមាំថាអាជីវករដែលបាននិងកំពុងលក់ដូរប្រកបអាជីវកម្មនៅជុំវិញផ្សារសេនជូរីផ្លាហ្សាសង្កាត់កាកាបទី១ពោធិ៍សែនជ័យគឺអាជ្ញាធររាជធានីមិនមានគោលការអោយពួកគាត់រុះរើចេញនោះទេដោយអោយពួកគាត់ធ្វើអាជីវកម្មរកស៊ីចិញ្ចឹមជីវិតដដែរបើទោះបីការដ្ឋានស្ថាបនាផ្សារទំនើបសេនជួរីផ្លាហ្សាបាននិងកំពុងស្ថាបនាឡើងក៏ដោយប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់បន្ថែមថាបើសិនជារដ្ឋបាលរាជធានីភ្នំពេញរកទីតាំងណាផ្សេងបានហើយនោះបងប្អូនអាជីវករដែលលក់ដូរនៅតាមផ្លូវសាធារណៈនេះអាចទៅលក់នៅទីតាំងថ្មីនោះហើយមិនអាចនៅលក់ដូូរលើដងផ្លូវសាធារណៈទៀតនោះទេ។ប៉ុន្តែជាគម្រោងនិងជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញគឺមិនឲ្យមានការលក់ដូរនៅតាមផ្លូវសាធារណៈនោះទេដោយការលក់ដូរតាមផ្លូវគឺវាពិតជាបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរនិងធ្វើអោយបាត់បង់សោភ័ណភាពរាជធានីភ្នំពេញយ៉ាងខ្លាំងក្លាផងដែរ

   ការបញ្ជាក់បែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សាស្ថិតក្នុងសង្កាត់កាកាបទី១ពោធិ៍សែនជ័យ

   លោកឃួងស្រេងបានបញ្ជាក់ទៀតថាចំពោះអាជីវករដែលបាននឹងកំពុងលក់ដូរនៅក្នុងផ្លាផ្សារបណ្ដោះអាសន្នដែលមានទីតាំងនៅលើសួនច្បារកុមារពោធិចិនតុងនោះរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំតបណ្ដាញទឹកតភ្លើងឱ្យដោយមិនគិតប្រាក់ប៉ុន្តែចំពោះការផ្ដល់សេវាប្រចាំខែទៅលើទឹកភ្លើងនេះអាជីវករជាអ្នកបង់។

  លោកស្រីចាន់សុទ្ធាអគ្គនាយិការក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថាផ្សារទំនើបសេនជូរីផ្លាហ្សានឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មឧស្សាហកម្មសេវាកម្មនិងទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ទាប់ពីផ្សារទំនើបមួយនេះលេចចេញរូបរាងឡើង។

   លោកហែមដារិទ្ធិអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថាផ្សារស៊ិនជូរីផ្លាហ្សាបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមហើយពុំមានអនាម័យនិងបរិស្ថានល្អទាំងនៅក្នុងផ្សារនិងជុំវិញបរិវេណផ្សារដោយបងប្អូនប្រជាពលរដ្ឋមកលក់ដូរទំនិញគ្រប់ប្រភេទនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។ដើម្បីធានាបានក្នុងការគ្រប់គ្រងការលើកស្ទួយសោភណ្ឌភាពអនាម័យបរិស្ថានល្អនៅក្នុងផ្សារនិងជុំវិញផ្សារក្រុមហ៊ុនសេនជូរីបានធ្វើការវិនយោគដោយសាងសង់ផ្សារទំនើប

  លោកបានបញ្ជាក់ថាគម្រោងសាសង់ផ្សារទំនើបសេនជូរីផ្លាហ្សាមានរយៈពេល២៤ខែគិតចាប់ពីថ្ងៃបើកការដ្ឋានដែលមានកម្ពស់៧ជាន់នៅផ្នែកខាងលើមាន៥ជាន់និងជាន់ក្រោមដី២ជាន់។

ក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារសម្រាប់អាជីវករចូលមកធ្វើអាជីវកម្មវិញនៅជាន់GF-1 បែងចែកតូបតាមប្រភេទអាជីវកម្មសរុបចំនួន៦៧៩តូបក្នុងនោះរូបគ្រប់គ្រងដោយរដ្ឋចំនួន៣៥០តូបនិងគ្រប់គ្រងដោយឯកជនចំនួន៣២៩តូប៕

 

អត្ថបទដែលជាប់ទាក់ទង