ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាង

68

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូនេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមសេក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ខែវិច្ឆិកា បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
ក្រសួងព័ត៌មាន បានឲ្យដឹងទៀតថា មហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩នេះ នឹងមានវត្តមានចូលរួម ពីអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំង អញ្ជើញមកពីបណ្តាប្រទេសនានា នៅលើពិភពលោកសរុប៤១ ប្រទេស ដើម្បីជួបជុំគ្នាពិភាក្សា អំពីទីក្រុងដែលមានភាពធន់ ”ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ“ ។
ក្នុងន័យនេះ ក្រសួងព័ត៌មាន បានប្រកាសដល់ក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណងចូលយកព័ត៌មាន ក្នុងមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ សូមមកចុះឈ្មោះនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដើម្បីទទួលបានប័ណ្ណចូលរួមកម្មវិធីនេះ គឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំពាក់ព័ន្ធករណីខាងលើនាពេលកន្លងមក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការរៀបចំមហាសន្និបាតនេះ គឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិ ដែលមានលទ្ធភាពទទួលស្វាគមន៍ គណៈប្រតិភូជាច្រើនប្រទេសមកប្រជុំ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកត្តាសុខសន្តិភាព ពេញបរិបូរណ៍ ទៅដល់អន្តរជាតិ។
លោក បន្តថា កិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្លួន រួចជាស្រេចហើយដើម្បី ទទួលស្វាគមន៍ និងរៀបចំសន្តិសុខការពារក្រុមគណៈប្រតិភូ ដើម្បីឲ្យចូលរួមក្នុងកិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

សូមបញ្ជាក់ថា កម្មវិធីបើកមហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងមានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង