ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបង្ហាញពីអត្ថប្រយោជន៍ របស់កម្ពុជាកើតចេញពីមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩នៅភ្នំពេញ

127

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅដើមខែធ្នូនេះនឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវប្រមាណ១៤០ទីក្រុងដែលនឹងមកចូលរួមមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ ហើយដើម្បីអោយប្រជាពលរដ្ឋក៏ដូចជាមហាជនបានយល់
ច្បាស់ពីអត្ថន័យ ខ្លឹមសារនិងអត្ថប្រយោជន៍នៃមហាសន្និបាតនេះ កាលពីព្រឹកថ្ងៃទី២៩វិច្ឆិកានេះ នៅសាលារាជធានីភ្នំពេញ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានមួយ ដោយមានការសែតជាតិ អន្តរជាតិចូលរួមយកព័ត៌មានជាច្រើនអង្គភាពផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននោះ លោកនួន ផារ័ត្នបានមានប្រសាសន៍លើកឡើងថា មហាសន្និបាទសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ ដែលនឹងធ្វើឡើងនៅដើមខែធ្នូនេះមានប្រធានបទឬកម្មវិធីចំនួន៣សំខាន់ៗ ក្នុងនោះរួមមាន កម្មវិធីទី១ បើកមហាសន្និបាត ដើម្បីអនុមតិនូវការងារសំខាន់មួយចំនួននិងការដាក់ទិសដៅការងារនៅឆ្នាំបន្ទាប់របស់សមាគមន។ ទី២ ក្រោយបើកមហាសន្និបាត ធ្វើសន្និសីទបច្ចេកទេស ពាក់ព័ន្ធទៅ នឹងការរៀបចំក្រុងឡើងវិញបន្ទាប់ពីមានគ្រោះមហន្តរាយនានា។ កម្មវិធីទី៣ ជាកម្មវិធីផ្លូវការណ៍ ដោយមានកិច្ចប្រជុំអចិន្ត្រៃយ៍ ដែលមានតែ២៧ទីក្រុងទេ ចូលរួម ដើម្បីអនុមតិលើរបាយការណ៍សំខាន់ៗមួយចំនួន។
លោកបន្តថា ការបង្កើតនូវសមាគមនេះឡើងគឺដើម្បីចងក្រង និងប្រទេសដែលប្រើភាសាបារាំង ដើម្បីចែករំលែកបទពីសោធ ដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ក៏ដូចជាដើម្បីពង្រឹងនូវសម្ព័ន្ធមេត្រីភាពរវាងទីក្រុងនិងទីក្រុងផងដែរ។ ជាក់ស្តែង រាជធានីភ្នំពេញ
និងទីក្រុងប៉ារីស យើងមានទំនាក់ទំនងទ្វេភាគី ដោយទីក្រុងប៉ារីសបានជួយរាជធានីភ្នំពេញជាច្រើន ជាពិសេសលើ បច្ចេកទេសក្នុងការរៀបចំក្រុង។
លោកបញ្ជាក់ផងដែរថា ក្នុងក្របខណ្ឌនៃសមាជិកAIMFនេះ រាជធានីភ្នំពេញ ទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ដោយបច្ចុប្បន្ននេះ យើងមានគម្រោងចំនួន៣កំពុងធ្វើ ដែលជាគម្រោងមួយមានសារៈសំខាន់ ក្នុងនោះគម្រោងទី១ ក្នុងក្របខណ្ឌសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) យើងទទួលបានមូនិធីពីសហគមនអឺរុបនូវថវិកាជាង១លានដុល្លារ ដើម្បីពង្រឹងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ លើការរៀបចំតំបន់មិនរៀបរយមួយធ្វើជាគំរូ បង្ហាញនូវនិតិវិធីឬវិធីសាស្រ្ត ក្នុងការរៀបចំ តំបន់មិនរៀបរយ។ ទី២ យើងទទួលបានជំនួុយបច្ចេកទេស តាមរយៈសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដើម្បីសិក្សាលើការ កសាងស្ថានីយកែច្នៃពីភក់បង្គន់ដែលចេញពីលូតាមផ្ទះ ទៅដាក់នៅស្ថានីយមួយ ដោយកែច្នៃជាជីធម្មជាតិ ជៀសវាងការយកភក់បង្គន់ដែលយកចេញពីលូតាមផ្ទះនេះទៅបោះចោលតាមប្រឡាយ បឹង បួរ ដែលធ្វើអោយប៉ះពាល់បរិស្ថាននាពេលខាងមុខ។ ទី៣ យើងទទួលបានគម្រោងបច្ចេកទេសក្នុងការសិក្សាអំពីលំហរ អាកាសសាធារណៈនិងការពារអគារបេតិកភណ្ឌ។ ជាងនេះទៅទៀតសមាគមន៍នេះត្រូវបានបង្កើតឡើង ដើម្បីចងក្រង ប្រមូលផ្តុំបណ្តាទីក្រុងទាំងអស់ចែករំលែកបទពិសោធន៍គ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នានិងជួយគ្នាទៅវិញទៅមក ពោលគឺ ទីក្រុងធំ ត្រូវជួយមកទីក្រុងដែលមានតម្រូវការអភិវឌ្ឍ ដោយជួយជាជំនួយបច្ចេកទេសឬផ្តល់ជាមូលនិធិពីអង្គការនានានៅលើពីភពលោក តាមរយៈសមាគមនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង