ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចចិន ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មឆ្លងដែន និងចែកចាយគ្រឿងញៀន

72

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសមត្ថកិច្ចចិន ក្នុងការបង្ការ ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មឆ្លងដែន ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន នៃប្រទេសទាំងពីរ ជាពិសេសបង្រ្កាបក្លឹបធំៗចំនួនបី ដែលជាទីតាំងរក្សាទុកនិងចែកចាយគ្រឿងញៀន និងជាពិសេសថ្មីៗនេះ បង្រ្កាបបានគ្រឿងញៀន ដែលជនបរទេសរក្សាទុកនិងចែកចាយបានជាង២០គីឡូក្រាម ឃាត់ខ្លួនជនដែលពាក់ព័ន្ធរួមគំនិត២នាក់ បញ្ជូនខ្លួនទៅតុលាការ និងមេខ្លោងកំពុងសុំដីការចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូនគរបាលខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក HU SHUIWANG ស្នងការរងនគរបាលខេត្តយូណាន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាសំខាន់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន ក៏ដូចជាការបង្ការ បង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើភេវរកម្ម ។ ជាពិសេស ការកសាងសមត្ថភាពនគរបាល (បណ្តុះបណ្តាល) សការណ៍បង្រ្កាប និងផ្លាស់ប្តូរព័ត៍មានគ្នានិងគា្ន ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានមានជម្រាប ជូនគណៈប្រតិភូនូវសភាពការណ៍ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបច្ចុប្បន្នរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានដ៏ខ្ពង់ខ្ពស់បានជំរុញ អោយមានការកសាងផ្លូវលំដាប់ស្តង់ដាចំនួន៣៤ខ្សែ ក្នុងខេត្តអោយហើយក្នុងរយះពេលប្រមាណ៩ខែខាងមុខនេះ និងផ្លូវល្បឿនលឿនផ្លូវជាតិលេខ៤ ភ្នំពេញ ព្រះសីហនុ អោយហើយក្នុងចុងឆ្នាំ២០២២ និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ លំហូនៃអ្នកវិនិយោគបរទេស ការអភិវឌ្ឍន៍របស់ខេត្តនេះ ដូចដែលគណៈប្រតិភូឃើញស្រាប់ ជាពិសេសសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលប៉ុន្មានខែចុងក្រោយនេះ អំពើរលួច ឆក់ គាស់ផ្ទះ បង្ខាំងមនុស្សខុសច្បាប់ បទល្មើសមជ្ឈឹមបង្រ្កាបាន១០០ភាគរយ និងបទល្មើសឧក្រិដ្ឋបង្រ្កាបបាន៩៩ភាគរយ ទាំងនេះដោយសារការច្នៃប្រឌិត នៃការប្រើប្រាស់កម្លាំងជំនាញសរុប អនុវត្តបីជំហ៊ាន ទី១ អប់រំណែនាំ ទី២ចុះរឹតបណ្តឹងផ្សព្វផ្សាយតាមគោលដៅ និងទី៣ ការអនុវត្តច្បាប់ ។

លោកឧត្តមសេនីយ៍ស្នងការក៏បានជម្រាបជូនគណៈប្រតិភូ អំពីរស្ថានភាពបញ្ហាចរាចរណ៍គ្រឿងញៀនដែរ ដែលកន្លងមកនេះបានបង្រ្កាបក្លឹបធំៗចំនួនបី ដែលជាទីតាំងរក្សាទុកនិងចែកចាយគ្រឿងញៀន និងជាពិសេសថ្មីៗនេះបង្រ្កាបបានគ្រឿងញៀន ដែលជនបរទេសរក្សាទុកនិងចែកចាយបានជាង២០គីឡូក្រាម ឃាត់ខ្លួនជនដែលពាក់ព័ន្ធរួមគំនិត២នាក់ បញ្ជូនខ្លួនទៅតុលាការ និងមេខ្លោងកំពុងសុំដីការចាប់ខ្លួន។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅខេត្តព្រះសីហនុនេះ មិនមានការដាំដុះ ផលិត រឺកែឆ្នៃនៃសារធាតុញៀនឡើយ មានតែការលួចលាក់ នាំចូល រក្សាទុក និងចែកចាយការប្រើប្រាស់គ្រឿងញៀន ។

លោក HU SHUIWANG ស្នងការរងនគរបាលខេត្តយូណាន មានប្រសាសន៍ថា ដោយសារ បច្ចុប្បន្នបទល្មើសភាគច្រើនមានលក្ខណៈឆ្លងកាត់អន្តរជាតិ ដូច្នេះហើយនៅពេលអនាគតសមត្ថកិច្ចនគរបាល នៃប្រទេសយើងទាំងពីរគួរតែសហការគ្នា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានបានស៊ីជម្រៅថែមទៀត ។ លោកបន្តទៀតថា សាធារណរដ្ឋប្រជាមានិតចិន គាំទ្រជានិច្ចដល់នគរបាលជាតិកម្ពុជា ទាំងស្មារតី និងឧបករណ៍សម្ភារៈ ដែលបម្រើការឲ្យកិច្ចការងារសន្តិសុខ និងជាពិសេសក៏សូមថ្លែងអំណរគុណដល់នគររបាលជាតិកម្ពុជា ដែលកន្លងមកបានសហការគ្នាល្អក្នុងការបង្រ្កាបបទល្មើសនានា ក្នុងនោះបទល្មើស VOIP ។

ក្នុងជំនួបនេះដែរ លោក HU SHUIWANG ក៏បានគោរពអញ្ជើញ លោកឧត្តមសេនីយ៍ស្នងការ និងសហការី ទៅទស្សនៈកិច្ចនៅខេត្តយូណា ផងដែរ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសមត្ថកិច្ចចិន ក្នុងការបង្ការ ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មឆ្លងដែន ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន នៃប្រទេសទាំងពីរ ។

លោកឧត្តមសេនីយ៍ស្នងការក៏បានបន្ថែមថា ស្នងការនគបាលខេត្តព្រះសីហនុ ត្រៀមលក្ខណៈជានិច្ចដើម្បីទទួលនូវសំណូមពររាល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មឆ្លងដែន ជាពិសេសបទល្មើសសេដ្ឋកិច្ចផងដែរ ដោយផ្អែកលើច្បាប់ជាចម្បង ៕

អត្ថបទដែលជាប់ទាក់ទង