ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រព័ន្ធអនុគ្រោះពន្ធ ​EBA មិនមានចែងពីលក្ខខណ្ឌគោរពសិទ្ធិមនុស្ស​ គឺមានចែងតែទៅលើការងារ​ធ្វើពាណិជ្ជកម្មសុទ្ធសាធ​

68

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ អាល្លឺម៉ង់​ បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងផលប្រយោជន៍ដែលកម្ពុជា
​ទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងប្រជាជនកម្ពុជា ​និងក្រុមហ៊ុនផលិតនាំចេញ​ ខណៈពេលដែលលោកទេសរដ្ឋមន្រី្ត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម បានអះអាងថា ​បើទោះបីក្នុងលក្ខខណ្ឌក្រោមប្រព័ន្ធអនុគ្រោះពន្ធ ​EBA មិនមានចែងពីលក្ខខណ្ឌគោរពសិទ្ធិមនុស្សក៏ដោយ​ និយាយដោយខ្លីប្រព័ន្ធអនុគ្រោះពន្ធ​ EBA មានលក្ខខណ្ឌចែងតែទៅលើការងារ​ធ្វើពាណិជ្ជកម្មសុទ្ធសាធ​ ។

នៅព្រឹក​ថ្ងៃ​ទី​ ១៦​ខែ​ ធ្នូ​ ឆ្នាំ​២០១៩​ លោក​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រី្ត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បានទទួលជួបឯលោក Cristsian Berger ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ប្រចាំកម្ពុជា​ ដើម្បីសម្តែងការគួរសម​និងពិភាក្សាការងារ​នៅទីស្តីការ​ក្រសួង​ ។

លោកទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលើកឡើងពីទំនាក់ទំនង ដ៏ល្អរវាងកម្ពុជា​-អាល្លឺម៉ង់​ ដែលមានតាំងពីដើរៀងមក​ហើយក៏ជាប្រទេសមួយ​បានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៍នៅកម្ពុជា​ ។ ក្នុងនោះ​ក៏មានកិច្ចសហការផ្តល់ជំនួយបច្ចេកទេស​ក៏ដូចជាការបណ្តុះបណ្តាលធុនធានមនុស្សដល់មន្ត្រីក្រសួងឧស្សហកម្ម​និងសិប្បកម្ម​ផងដែរ​ ។

លោក​Cristsian Berger ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ប្រចាំកម្ពុជា​ បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា​ ជាពិសេស​ការរីកលូតលាស់លើវិស័យឧស្សាហកម្មកាត់ដេរ​ និងវាយនភ័ណ្ឌ​ និងវិស័យសហគ្រាសធុនតូច​និងមធ្យម​ ។ ទាក់ទង​និង​វិស័យសហគ្រាសធុនតូច​និមធ្យម​ លោក​ឯកអគ្គរដ្ឋទូត​បានចាត់ទុកវិស័យនេះ មានសារសំខាន់ក្នុងខឿនសេដ្ឋកិច្ច​ជាតិ​ ។ ជាក់ស្តែង​នៅប្រទេសអាល្លឺម៉ង់មាន​ប្រមាណ​៨០%​ សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច​ ។

លោក​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានចាត់​​ទុកប្រទេសអាល្លឺម៉ង់មិនត្រឹមជាប្រទេសមានឧស្សាហកម្មជឿនលឿនទេ​ តែផ្នែកសហគ្រាសធុនតូច​និងមធ្យម​ ក៏មានការរីកចម្រើនទន្ទឹមគ្នាផងដែរ​ ។ ចំពោះកម្ពុជាវិញវិស័យនេះមានរហូតដល់​ ៩៩%​ ស្មើនឹង​ប្រមាណជាង​៥សែន​មូលដ្ឋាន​។ ប៉ុន្តែ​ក្នុងចំណោមនោះ​ មានតែ៥%ប៉ុណ្ណោះ​ ដែលបានមកចុះបញ្ជីទទួលស្គាល់តាមច្បាប់​ ។ ការងារនេះក្រសួងកំពុងលើកទឹកចិត្ត​ហើយក៏អំពាវនាវឲ្យវិស័សហគ្រាស​ ធុនតូច​និងមធ្យម​មកចុះបញ្ជីទទួលស្គាល់ឲ្យបានច្រើនជាអតិបរមា​ដើម្បី​ក្រសួងងាយស្រួលគ្រប់គ្រង​ បណ្តុះបណ្តាល​ និងសហការគាំទ្រ​ ។ ជាមួយគ្នានេះ​នេះ​ក៏បានស្នើឲ្យប្រទេស​អាល្លឺម៉ង់​ បន្តជួយជំនួយបច្ចេកទេស​ និងការបណ្តុះ​បណ្តាលធុនធានមនុស្សនៅកម្ពុជា ក៏ដូចជាអំពាវនាវឲ្យអ្នក​វិនិយោគទុនអាល្លឺម៉ង់បន្តមកបណ្តាក់ទុន​ នៅកម្ពុជាឲ្យបានច្រើនថែមទៀត​ ។
ក្នុងឱកាសនោះ​ដៃគូ​សន្ទនា​ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ការងារទាក់ទងនិងប្រព័ន្ធអនុគ្រោះពន្ធ​EBA របស់សហគមន៍អឺរ៉ុបដល់កម្ពុជាផងដែរ​ ។ ក្នុងនោះលោករដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការស្វែងរកទីផ្សារទំនិញ​និងទីផ្សារការងារ​ ការរក្សាកំណើនសេដ្ឋកិច្ច​ ជាពិសេសគឺកត្តាសន្តិភាព​ ដែលជាបច្ច័យដ៏សំខាន់នៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច​ ​និងសង្គមនៅកម្ពុជា​។ ក្នុងនោះវិស័យរោងចក្រកាត់ដេរ​សម្លៀកបំពាក់​ និងវាយនភ័ណ្ឌ​ និងស្បែកជើង​ ដែលភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប ​និងសហរដ្ឋអាមេរិក ​​មានការរីកចម្រើនដល់បច្ចុប្បន្ននេះ​ ក៏ដោយសារកម្ពុជាអនុវត្តនូវរូបមន្តជាគំរូគេ​ ក្នុងចំណោម​ប្រទេសអភិវឌ្ឍតិចតួច​ទាំងអស់​គឺ​ ៖ ការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់និងលក្ខខណ្ឌការងារ ​(​Link trade with labor standards) និង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា​(BFC)​ ដែលកម្មវិធីនេះមានន័យគ្រប់គ្រាន់ថា កម្ពុជា​មានយន្តការកិច្ចការពារសិទ្ធិកម្មករ​ និងច្បាប់ការងារបានល្អប្រសើរ​ ដែលជាមូលដ្ឋាននៃក្របខ័ណ្ឌការគោរពសិទ្ធិមនុស្ស ​និងសេរីភាព ក្នុងប្រទេស​រួចស្រេចទៅហើយ​ បើទោះបីក្នុងលក្ខខណ្ឌក្រោមប្រព័ន្ធអនុគ្រោះពន្ធ ​EBA មិនមានចែងពីលក្ខខណ្ឌគោរពសិទ្ធិមនុស្សក៏ដោយ​ ។ និយាយដោយខ្លីប្រព័ន្ធអនុគ្រោះពន្ធ​ EBA មានលក្ខខណ្ឌចែងតែទៅលើការងារ​ធ្វើពាណិជ្ចកម្មសុទ្ធសាធ​ ។

លោកឯកអគ្គរដ្ឋទូត​ អាល្លឺម៉ង់​ បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងផលប្រយោជន៍ដែលកម្ពុជា
​ទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងប្រជាជនកម្ពុជា ​និងក្រុមហ៊ុនផលិតនាំចេញ​ ។ ដូច្នេះ​ក្នុងជំនួបនោះ​ មានការយល់គ្នាថា​ ៖ ភាគីពាក់ព័ន្ធ​ត្រូវឈរលើគោលការណ៍ពិភាក្សា​សម្រាប់​ផល​ប្រយោជន៍ រួម​ទាំងអស់គ្នា​ ដើម្បី​រក្សាស្ពានឆ្លងដែលបានកសាងជាមួយគ្នាជាច្រើន​ឆ្នាំរួចទៅហើយ​​៕

អត្ថបទដែលជាប់ទាក់ទង