មេដាយមាស៦ មហាផ្ទៃ ដណ្ដើមបាន៣គ្រឿង
ភ្នំពេញ៖ការប្រកួតកីឡា វាយកូនឃ្លីលើតុ ជើងឯកជាតិឆ្នាំ២០១៩ និងអបអរសាទរខួបទី៤១ ថ្ងៃ៧មករា ដែលចាប់ផ្ដើមពីថ្ងៃទី២មកនោះ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៧មករា នាពហុ
កីឡដ្ឋានជាតិ ។
លោកនាយឩត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ ដែលជាប្រធានសហព័ន្ធនោះ បានអញ្ជើញ
ចូលរូមក្នុងពីធីបិទការប្រកួត និង បំពាក់មេដាយដល់ជ័យលាភី ។អ្វីដែលជាទីមោទនភាពនោះ
គឺប្រាក់រង្វាន់បាន កើនឡើងទ្វេរដង លើប្រាក់រង្វាន់របស់ ក្រសួងអប់រំយុវជន និង កីឡា ។
ទោះជាយ៉ាងណាក៏ប្រមុខ សហព័ន្ធកីឡាវាយកូនឃ្លីលើតុរូបនេះ ទាមទារឲ្យពង្រីកនូវ
វិសាលភាព នៃការប្រកួត និង ចំនួនក្លិប ចំនួនកីឡាករ កីឡាការិនី ដែលចូលរួមត្រូវតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
សមាគមកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ដណ្តើមបានជើងឯកប្រចាំឆ្នាំ២០១៩
ដោយទទួលបានមេដាយមាស ចំនួន៣គ្រឿង ចំណែកក្លិបកីឡាវាយកូនឃ្លីលើតុ All Star ទទួលបានជើងឯករង ដណ្តើមបានមេដាយមាស ចំនួន២គ្រឿង និងចំណាត់ថ្នាក់លេខ៣ គឺក្លិបកីឡាវាយកូនឃ្លីលើតុ ខេត្តកំពត ឈ្នះមេដាយមាស១គ្រឿង។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិបសមាគមចូលរួមចំនួន១៣ ដែលមានកីឡាករកីឡាការិនី៧៩នាក់ ក្នុងនោះក្រុមកីឡាករក្របខ័ណ្ឌក១ ចំនួន៤២នាក់ ក្រុមយុវជនក្របខ័ណ្ឌក២ ចំនួន២៥នាក់ និងកីឡាការិនី១១នាក់។ ក្លិបទំាង១៣ រួមមាន ក្លិបក្រសួងមហាផ្ទៃ ក្លិបរដ្ឋសភាសែនជ័យ ក្លិបសាន់នីព្រីងធីង ក្លិបសន្ធរម៉ុកថ្មី ក្លិបដើមមៀន ក្លិបខេត្តព្រះសីហនុ ក្លិបអេលីហ្សា ក្លិបខេត្តកំពត ក្លិបស៊ីធីស្ពត ក្លិបAIS ក្លិបអ៊ីនធើស្ពៃឌីហ្សាញ់ ក្លិប All Star និងក្លិបមិត្តសម្លាញ់។
លោកបន្តថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ កីឡាវាយកូនឃ្លីលើតុ ប្រចាំឆ្នាំ២០១៩ និង អបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០) នេះ មានវិញ្ញាសាប្រកួតចំនួន៤ គឺវិញ្ញាសាក្រុមបុរស ក្របខណ្ឌក១ វិញ្ញាសាវាយគូបុរស ក្របខណ្ឌក១-ក២ វិញ្ញាសាឯកត្តជនបុរស ក្របខណ្ឌក១-ក២ និង វិញ្ញាសាឯកត្តជននារី ក្របខណ្ឌក១-ក២ ៕