សហព័ន្ធការាតេបង្ហាញគោលដៅ ជ្រើសរើសគ្រូពីបរទេស ដើម្បីបង្វឹកហាត់កីឡាករកីឡាការិនី ជម្រើសជាតិកម្ពុជា ត្រៀមត្រៀមយកមេដាយនៅស៊ីហ្គេម២០២៣
សហព័ន្ធការាតេកម្ពុជាបង្ហាញគោលដៅជ្រើសរើសគ្រូបង្វឹកបរទេស ដើម្បីបង្វឹកហាត់កីឡាករកីឡាការិនីជម្រើសជាតិការាតេ សម្រាប់ត្រៀមឆ្ពោះទៅប្រជែងមេដាយ នៅក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ប្រធានបទនៃការជ្រើសរើសគ្រូបង្វឹកបរទេស ដើម្បីបង្វឹកហាត់កីឡាករកីឡាការិនីជម្រើសជាតិការាតេនេះ ត្រូវបានការគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាការាតេកម្ពុជា លើកឡើងយកមកពិភាក្សា នៅក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំពិនិត្យសកម្មភាពការងារផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ ឬ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកន្លងមកនោះ។
លោក ជូ វិជិត្ត អនុប្រធានប្រចាំការនៃសហព័ន្ធកីឡាការាតេកម្ពុជា បានឲ្យដឹងថា សម្រាប់គោលដៅសំខាន់របស់សហព័ន្ធកីឡាការាតេកម្ពុជា គឺផ្តោតសំខាន់លើការជ្រើសរើសគ្រូបង្វឹកបរទេស ការរៀបចំសាលហ្វឹកហាត់ និងសាងសង់អគារថ្មី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាលើកឡើងនូវគោលដៅពង្រឹងគុណភាពក្រុមកីឡាករ កីឡាការិនីជម្រើសជាតិការាតេ ដើម្បីសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយ នៅក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕