ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ត្រៀម​ឃ្លាំង​ដែល​អាច​ទុក​វ៉ាក់សាំង​រហូតដល់ -៨០ អង្សារ ឬ​ក្រោម​នេះ

112

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ទាក់ទិន​ទៅនឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ការ​ថ្លែង​សារ​នេះ ធ្វើឡើង​ពី​គេហដ្ឋាន​ផ្ទះ​តាខ្មៅ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» គឺជា​ការចម្លង​បែប​ចង្កោម និង​តាម​ទីកន្លែង​មួយៗ មិនមែនជា​ទ្រង់ទ្រាយ​ធំ​ពេក​នោះទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា WHO បាន​វាយតម្លៃ​ករណី​សហគមន៍​នៅ​កម្ពុជា ជា​ករណី​ឆ្លង​បែប​កើតមាន​ម្តងៗ​មួយកន្លែង ដោយ​មិនមាន​បណ្តុំ​ឆ្លង​ច្រើនពេក ហើយក៏​មិនទាន់​ដាក់ចូល​ទៅក្នុង​របៀប​ឆ្លង​សហគមន៍​ធំ​នោះដែរ​។

​សម្តេច​តេ​ជោ បាន​កោតសរសើរ​ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ​ជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​សហការ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍​សហគមន៍​អាច​ទប់ស្កាត់បាន​ហើយ តែ​មិនទាន់​បិទ​បញ្ចប់​នោះទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គ្រប់គ្រង​បាន តែ​មិនទាន់​បញ្ចប់​ដោយយោង​លើ​ហេតុផល​ចំនួន​៥៖
១) មិនទាន់​ដឹង​អស់​នៅឡើយ​ទេ​ថា តើ​មាន​កន្លែង​ណាខ្លះ​ទៀត ដែល​អ្នកជំងឺ​ទៅដល់ រក​មិនទាន់​ឃើញ អ្នកជំងឺ​មិន​ប្រាប់ ឬ​ភ្លេច​កន្លែង​ទៅដល់​រយៈពេល​១៤​ថ្ងៃ មុនពេល​រកឃើញ​។​
២) តើ​នៅមាន​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ដោយ​មិន​មក​បង្ហាញមុខ ព្រោះ​ខ្លាច​ការធ្វើ​តេស្ត ដែលជា​ហានិភ័យ​ឆ្លង​ចូល​សហគមន៍​។​
៣) អ្នក​ប៉ះពាល់​មួយចំនួន​មិនទាន់​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​២ ឬ​ទី​៣​នៅឡើយ ព្រោះ​ទើប​ដឹង​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ធ្វើតេស្ត​មួយដង ឬ​ពីរដង​ប៉ុណ្ណោះ​។​
៤) អ្នក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ហូរហែ​តាំងពីរ​ថ្ងៃទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​រកឃើញ​វិជ្ជមាន​ចុងក្រោយ​នៅ​ថ្ងៃទី​១៤ ធ្នូ មិនដឹងថា បានធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ឬ​ធ្វើតេស្ត​៣​ដង​ដែរឬទេ​?
៥) នៅតាម​ខេត្ត​មួយចំនួន​ដែល​អ្នកជំងឺ​ទៅដល់​មុនពេល​រកឃើញ​ជំងឺ តើ​បាន​រកឃើញ​អ្នកពាក់ព័ន្ធ​អស់​ឬទេ​?

​សម្តេច​តេ​ជោ ហ៊ុន សែន សូម​ការយោគយល់​ក្នុង​ការរក្សា​ស្ថានភាព​ដូច​ពេលបច្ចុប្បន្ន​មួយរយៈ​ទៀត ដើម្បីឱ្យ​ប្រាកដថា ព្រឹត្តិការណ៍​សហគមន៍​បាន​បិទ​បញ្ចប់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ផលប៉ះពាល់​សង្គម​ខ្លាំង​ជាងគេ​នាពេលនេះ គឺ​ការអប់រំ និង សេវា​។ ប៉ុន្តែ​ផ្នែក​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​កសិកម្ម ប្រជាពលរដ្ឋ​អាច​នៅ​ធ្វើ​ធម្មតា​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ធ្វើជា​អ្នក​ចុះចាញ់ អ្នកខ្លាច តែ​មិនត្រូវ​តក់ស្លុត ឬ​ស្លន់ស្លោ​នោះទេ​។​
​ទាក់ទង​នឹង​ការអប់រំ សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​ថា លទ្ធភាព​នៃ​ការប្រឡង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ប្រហែលជា​មិនអាច​ធ្វើបាន ព្រោះ​លទ្ធភាព​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​មុន​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​បានទេ​។ សម្តេច​តេ​ជោ​ស្នើ​ក្រសួង​ពិនិត្យ​លទ្ធភាព​វាយតម្លៃ​លើ​ការប្រឡង​ឆមាស​របស់​សិស្ស ដើម្បី​កំណត់​អ្នក​ជាប់​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ​តែម្តង​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល បាន​ត្រៀម​ថវិកា ១០០ ទៅ​២០០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​។ រាជរដ្ឋាភិបាល​មាន​ថវិកា​ក្នុង​ដៃ​ប្រមាណ ៥៣៨​លាន​ដុល្លារ​ហើយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​ស្តារឡើងវិញ​សេដ្ឋកិច្ច​ឡើងវិញ​។ កម្ពុជា​ទទួល​ទិញ​វ៉ាក់សាំង​របស់​ប្រទេស​ណា ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ​។ សម្តេច​មិន​យក​ប្រជាពលរដ្ឋ​ទៅធ្វើ​តេស្ត​វ៉ាក់សាំង​របស់​ប្រទេស​ណាមួយ​នោះឡើយ​។

​រាជរដ្ឋាភិបាល​បាន​ត្រៀម​ឃ្លាំង​ដែល​អាច​ទុក​វ៉ាក់សាំង​រហូតដល់ -៨០ អង្សារ ឬ​ក្រោម​នេះ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍ និង​បទបញ្ជា​ចំនួន​៤ ដើម្បី​ទប់ស្កាត់​ព្រឹត្តិការណ៍​សហគមន៍​៖
១) តាមដាន​អ្នក​នៅ​សេសសល់​មិនទាន់​ធ្វើតេស្ត​គ្រប់​ចំនួន ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនទាន់​គ្រប់​ថ្ងៃ​ឱ្យបាន​ម៉ឺងម៉ាត់​។ អាជ្ញាធរ​ត្រូវ​ពិនិត្យ កុំ​ពឹង​ផ្អែកលើ​គ្រូពេទ្យ គ្រ​ពេទ្យ​ហត់​ណាស់​ហើយ​។​
២) ត្រូវអនុវត្ត ៣​ការពារ (​ពាក់​ម៉ាស់​, លាងដៃ​, គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឱ្យបាន​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង​)​។​
៣) ត្រូវអនុវត្ត ៣​កុំ ( ១៖ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​, ២៖ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​, ៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ កុំ​ចេញ​ក្រៅ ហើ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​)​។​
៤) នៅតាម​កន្លែង​លក់ដូរ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្សារ​ទំនើប និង​ធនាគារ ត្រូវ​ត្រួតពិនិត្យ​បើ​គ្មាន​ម៉ាស់​មិនឱ្យ​ចូល វ៉ាស់​កម្តៅ និង​រៀបចំ​កន្លែង​អង្គុយ​រក្សា​គម្លាត តាម​បន្ទប់ទឹក​ត្រូវមាន​សាប៊ូ​លាងដៃ​។​
​អាជ្ញាធរ​ត្រូវ​ពិនិត្យ​តាម​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន បើ​មិន​អនុវត្តន៍​តាម​គោលការណ៍​នេះ ត្រូវ​បិទ​បណ្តោះអាសន្ន​។ ពិនិត្យ​លទ្ធភាព​ផ្តល់​ក្របខណ្ឌ​បន្ថែម​ឱ្យ​គ្រូពេទ្យ​តាមរយៈ​ការប្រលង ឬ​គ្រូពេទ្យ​ជាប់កិច្ចសន្យា​។ សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​វិទ្យាស្ថាន​ប៉ាស្ទ័រ វិទ្យាស្ថាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​របស់​អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ចូលរួម​ជាមួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​ផ្គត់ផ្គង់​សម្ភារ បរិក្ខារ​ពេទ្យ ជាពិសេស​ម៉ាស់ អាវ ទៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព ដែល​ត្រូវ​ជួយ​រុករក​អ្នកជំងឺ​កូ​វីដ​-១៩ មិនត្រូវ​ឱ្យ​ខ្វះ​សម្ភារ បរិក្ខារ​ពេទ្យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​មួយចំនួន ដូច​ប្រទេស​ជឿនលឿន​មួយចំនួន​នោះឡើយ​៕​រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង