ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខេត្តកំពត​បា​ន​រៀបចំ កិច្ចប្រជុំ​ពិភាក្សា លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “​ព្រះ​មនុ​វង្ស​បូ​គោ​”

77

កំពត ៖ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​អត្តសញ្ញាណ​មនុស្ស និង​អត្តសញ្ញាណ​ដី​នៅ​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង នៅក្នុង​តំបន់​ការពារ ឧទ្យាន​ជាតិ “​ព្រះមុនីវង្ស​បូ​គោ​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត ប្រតិភូ​ក្រសួងបរិស្ថាន ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​កងកម្លាំង​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សាលាខេត្ត សរុប​ចំនួន ៣០​នាក់ ។
​យោងតាម​របាយការណ៍​របស់លោក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត អំពី​ការរៀបចំ និង​ការទទួល​ពាក្យស្នើសុំ​របស់​ប្រជាពលរដ្ឋ​ឆ្វៀល​ដី​នៅ​តំបន់ ឧទ្យាន​ជាតិ​ព្រះ​មនុ​វង្ស​បូកគោ ដោយ​គិត​ចាប់ពី​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ រហូតដល់​ថ្ងៃទី ០៣ ខែ កញ្ញា​ឆ្នាំ ២០២០ មន្ទីរ​បរិស្ថាន​ទទួលបាន​ពាក្យស្នើសុំ​ពី​ប្រជាពលរដ្ឋ​ចំនួន ៣.៣៨៦​គ្រួសារ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត ។
​ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​អត្តសញ្ញាណ​មនុស្ស និង​អត្តសញ្ញាណ​ដី​នៅ​ខេត្តកំពត​បាន​ចូលរួម​ជា​ធាតុ​ចូល​សំខាន់ៗ​ដើម្បី​ឲ្យ​អង្គប្រជុំ ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ ទី​១៖ ដី​ដែល​ប្រជាពលរដ្ឋ​មាន​ដំណាំ​ដាំ​ដុះ​ជាក់ស្តែង និង​អាស្រ័យ​ផល​យូរណាស់​មកហើយ ទី​២៖ ដីព្រៃ​គ្មាន​ដាំ​ដំណាំ​ដាំ​ដុះ ទី​៣៖ ដី​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​បូកគោ ហើយ​មានទំនាស់ និង​ទី​៤៖ ដីព្រៃ​ដែល​បាន​នឹង​កំពុង​រាន​ថ្មីៗ ។
​ក្រោយពី​មានការ​ចូលរួម​ពិភាក្សា​ពី​អ្នកពាក់ព័ន្ធ អង្គប្រជុំ​បានសម្រេច​ដាក់ចេញ​ជាគោលការណ៍​មួយចំនួន​ដើម្បី​ឲ្យ​ក្រុមការងារ​អនុវត្ត​បន្ត​រួមមាន​៖
១. ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​ឆ្វៀល​ដី​ចេញពី​តំបន់​ការពារ​ជូន​ប្រជាពលរដ្ឋ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​លើដី​ដែល​អាស្រ័យ​ផល​ជាក់ស្តែង មាន​ដំណាំ​ដាំ​ដុះ​យូរណាស់​មកហើយ ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​
២. ក្រុមការងារ​ខេត្ត រៀបចំ​ផែនទី​ចំនួន​បី បង្ហាញ​ពី​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បានស្នើ​សុំ​សម្រាប់​ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត ដាច់ដោយឡែក​ពីគ្នា និង​រៀបចំ​ផែនទីរ​រួម​របស់​ខេត្ត ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​អន្តរក្រសួង ។​
៣. ឯកឧត្តម​អភិបាល បែងចែក​ក្រុមការងារ​តូចៗ​ចំនួន ៣​ក្រុម ទទួលខុសត្រូវ​តាម​ក្រុង ស្រុក​ទាំងបី ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព ។ ក្រុមការងារ​គួរ​មាន​សមាសភាព​ពី​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​ពាក់ព័ន្ធ ។​
៤. ស្នើសុំ​ក្រុមការងារ​ចុះ​ដក​បទពិសោធន៍ អនុវត្ត​ការងារ​នៅ​ឃុំ បឹង​ទូក ស្រុក​ទឹកឈូ មុនគេ ដើម្បី​ឲ្យ​ក្រុមការងារ​ទាំងអស់​បាន​យល់​និង​យកទៅ​អនុវត្តតាម​ក្រុម​នីមួយៗ ។ ការងារ​នេះ​ស្នើសុំ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត រៀបចំ​ផែន​ការចុះអនុវត្ត ។​
៥. សុំ​ឲ្យ​មាន​កិច្ចសហការ​បាន​ជិតស្និទ្ធ រវាង​ក្រុមការងារ​ថ្នាក់​ក្រសួង ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​ការងារ​នេះ ឲ្យ​បាន​ឆាប់រហ័ស និង​ទទួលបាន​ជោគជ័យ​៕

អត្ថបទដែលជាប់ទាក់ទង