រយៈពេល៤២ឆ្នាំ ក្រោយក្រោយថ្ងៃ៧មករា រាជធានីភ្នំពេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង
ភ្នំពេញ៖ ក្នុងរយៈពេល៤២ឆ្នាំនេះ (ថ្ងៃ០៧មករា១៩៧៩ -០៧មករា២០២១ )ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានទាំងអគារខ្ពស់ៗជាង២០០០អគារ មានទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជាស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាស ថ្មើជើង ការស្ថាបនាផ្លូវពង្រីកបន្ថែម កសាងសួនច្បារជាច្រើនកន្លែង ការពង្រីកបន្ថែមនូវស្ថានីយបូមទឹកជាច្រើនកន្លែង ការអភិវឌ្ឍប្រឡាយបង្ហូរទឹកនិងការដាក់បណ្ដោយលូធំៗ ជាច្រើនកន្លែងផងដែរ ដើម្បីធ្វើយ៉ាងណាអាចរំដោះទឹកចេញពីរាជធានីភ្នំពេញបានកាន់តែលឿន។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន
បញ្ជាក់ថា ៖ថ្ងៃ០៧មករា១៩៧៩ -០៧មករា២០២១ មានអាយុកាល៤២ឆ្នាំហើយ។ ថ្ងៃ០៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលបងប្អូនប្រជាពលរដ្ឋកូនចៅ ជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចតេជោហ៊ុន សែនបានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់បនក្បត់ប៉ុលពត។សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ ។ តែសម្ដេចនៅបានកសាងអភិវឌ្ឍន៍ប្រទេសជាតិចេញពីចំណុចសូន្យឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យថែមទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ ។អ្វីដែលជាភាពជាក់ស្តែងនោះ គឺមកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានអាគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូតដល់ទៅជាង២០០០អាគារ ដែលបានបង្ហាញឲ្យពិភពលោក មើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។
បន្ថែមពីនេះទៀត ក្នុងរយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញបានដាក់បណ្ដាញធំៗ ទំហំ ១ម៉ែត្រ; ១ម៉ែត្រកន្លះ; ២ម៉ែត្រ; ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនាស្ថានីយ៍បូមទឹក ជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ទៀត ។
សម្រាប់រាជធានីភ្នំពេញ គិតមកដល់ពេលនេះយើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថានីយ៍បូមទឹកលូប្រាំ ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថានីយ៍បូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកព្រះពន្លា ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំងនិងព្រះគន្លង់។ ជាទិសដៅបន្តនៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកគំរោងស្តារប្រឡាយចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញផងដែរ។
មកដល់ពេលនេះ រាជធានីភ្នំពេញរបស់យើងមានស្ពានអាកាសថ្មើរជើង ចំនចំនួន៤កន្លែងក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ហើយបើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព។ យើងក៏មានស្ពានអាកាសចំនួន៦ កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង។
យើងមានសួនច្បារសាធារណៈជាច្រើនកន្លែង ដោយសួនច្បារវាមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ ។
លោកឃួង ស្រេង បានថ្លែងថា៖ទាំងអស់នេះ គឺជាសមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារថែរក្សា ពូនជ្រំ មិនអោយបុគ្គលណា ក្រុម ណាឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ៕