ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី​សាខា​ «​ក​.​ប​.​ប​.» ខេត្តបន្ទាយមានជ័យ រកឃើញ​សារធាតុ​គីមី​លើ​ត្រី​រ៉ស់​រស់ និង​ត្រី​រ៉ស់​ងាប់ នៅ​ផ្សារ​រ៉ា និង​ស្តង់​ត្រី ក្នុង​ក្រុង​ប៉ោយប៉ែត​

108

 

បន្ទាយមានជ័យ ៖ មន្ត្រី​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្តបន្ទាយមានជ័យ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ម្ហូបអាហារ និង​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព លើ​ផលិតផល​ម្ហូបអាហារ នៅ​ផ្សារ​រ៉ា និង​ស្តង់​ត្រី ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានការ​ធ្វើ​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​ចំនួន ១៣​គំរូ​រួមមាន​៖ ត្រសក់ ផ្កា​ខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កា​ខ្ទឹម ការ៉ុត ផ្លែ​ប៉ោម ត្រី​រ៉ស់​រស់ ត្រី​រ៉ស់​ងាប់ ប្រហិត​មីសួ ប្រហិត​ហ​ត​ដក ប្រហិត​សំប៉ែត និង​ប្រហិត​ក្តាម ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ មួយចំនួន​រួមមាន​៖
– ត្រី​រ៉ស់​រស់ និង​ត្រី​រ៉ស់​ងាប់ មាន​សារ​ធាតុគីមី Vet drug Sulfamethazine និង Vet drug Tetracycline
– ការ៉ុត មាន​សំណល់​ថ្នាំ​កសិកម្ម (PY)​។​
​បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ បានធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕

 

អត្ថបទដែលជាប់ទាក់ទង