លោកជំទាវ ម៉ែន សំអន ទទួលស្បៀង ពីសប្បុរសជន ត្រៀមបម្រុង ទុក សម្រាប់ជួយដល់ពលរដ្ឋជួបការលំបាក និងពលករធ្វើចត្តាឡីស័ក នៅខេត្ត ស្វាយរៀង
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង ពីលោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុនThe New Venetian Casino & Hotel ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅខេត្តស្វាយរៀង ដែលពិធីត្រូវបានធ្វើឡើង នៅទីស្តីការក្រសួង ព្រឹក ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ ពេលវេលា ។ តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់វិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាបាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។
ជាពិសេស សម្រាប់ត្រៀមបម្រុងទុកផ្គត់ផ្គង់ដល់ពលរដ្ឋជួបការលំបាក និងបងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង មកធ្វើចត្តាឡីស័ក នៅតាមផ្ទះនៅមូលដ្ឋាន ខេត្តស្វាយរៀង ។
ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន ៖ ១. អង្ករ ១៥តោន ២. មី ៥០០កេសតូច ៣. ទឹកសុទ្ធវីតាល់ ៥០០កេស៤. អាល់ កុល ១៥០កាន ៥. ម៉ាស់ ៣០០កេះធំ ស្មើនឹង ២៧០.០០០ ម៉ាស់ ៕ . សំរិត
