ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញ ក.ប.ប. ប្រមូលផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា មាស ហុងបាន១,២៥៣ដប មានសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ ដើម្បីកម្ទេចចោល បន្ទាប់ពីមានក្មេងស្រី៣នាក់ បានបាត់បង់ជីវិត

87

 

ភ្នំពេញ ៖​ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនីតិវិធី ចុះត្រួតពិនិត្យ និងប្រមូលត្រឡប់មកវិញនូវផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រាក្នុងរាជធានីភ្នំពេញ។

ផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង ត្រូវបានមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានក.ប.ប. រកឃើញមានវត្តមាន សារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ ដែលអាចបង្កឱ្យស្លា.ប់បាត់បង់ជីវិត ប្រសិនបើបរិភោគស្រានេះ ក្នុងកម្រិតកំណត់មួយ។

លទ្ធផលនៅថ្ងៃទី៦កញ្ញា ២០២១នេះ មន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនិងប្រមូល ស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុងបានចំនួន ១,២៥៣ដប ស្មើនឹង៦២៧ លីត្រ មករក្សាទុកដើម្បីកម្ទេចចោល។

ការបន្តចុះប្រមូលផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា មាស ហុង នៅតាមបណ្តាទីតាំងចែកចាយក្នុងរាជធានីភ្នំពេញ ធ្វើឡើង បន្ទាប់ពីបានស្រាវជ្រាវរកឃើញមូលហេតុ ដែលមណ្តាលឱ្យមនុស្សចំនួន៣នាក់ បាត់បង់ជីវិត កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងបន្ទាប់ពីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិត និងចែកចាយស្រានានា ដើម្បីប្រមូលវត្ថុតាងសម្រាប់ដាក់បន្ទុក ជាពិសេសដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ដែលអាចនឹងកើតមានជាយថាហេតុ ពីការបរិភោគស្រាទំពាំងបាយជូឬស្រាសនេះ ។

ជាថ្មីម្តងទៀតអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក សូមបញ្ឈប់ជាបន្ទាន់ការបរិភោគស្រា ដែលគ្មានប្រភពច្បាស់លាស់ ពិសេសស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង។
សូមអំពាវនាវដល់អាជីវករទាំងអស់ សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនសមត្ថកិច្ចនៃអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង