ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ ព្រមានអនុវត្តវិធានការ រដ្ឋបាលលើម្ចាស់ ការដ្ឋានខ្សាច់ និងរថយន្តដឹកខ្សាច់ ដែលបង្កអោយខ្សាច់ ហូរហៀរលើដងផ្លូវ

50

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានព្រមានអនុវត្តវិធានការរដ្ឋបាលលើម្ចាស់ការដ្ឋានខ្សាច់ និងរថយន្តដឹកខ្សាច់ ដែលបង្កអោយខ្សាច់ហូរហៀរលើដងផ្លូវ ។

លោកបន្តថា គ្រប់រថយន្តដឹកខ្សាច់ និងដឹកដី គ្រប់ប្រភេទត្រូវគ្រប់តង់ លាងកង់រថយន្ត ឲ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋាន ប្រសិនបើមិនអនុវត្ត តាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាល ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងព្រមានបែបនេះ ខណៈលោកបានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ និងមហាវិថីលោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និងកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ នៅថ្ងៃសៅរិ៍ ៤រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។

លោកអភិបាលរងខណ្ឌ បានលើកឡើងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ០៨ៈ៣០ នាទីព្រឹក លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ដោយប្រើប្រាស់រថយន្ត បាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ០២គ្រឿង រថយន្តបោសសំអាតថ្នល់ ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពីរថយន្តបាញ់ទឹក របស់សាលារាជធានីភ្នំពេញ ចំនួន ០៦ គ្រឿង ។

ក្នុងការចុះបាញ់លាងសំអាតផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបែងចែកជា ០៣ ក្រុម ដើម្បីចុះបាញ់លាងសំអាតផ្លូវ មានដូចជា ៖ ១. មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ២. មហាវិថីលោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) ៣. ផ្លូវជាតិលេខ២ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្ត ដែលកំពង់ចរាចរលើមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ)មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ)និងផ្លូវជាតិលេខ២ សូមចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈ ជៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតដែរថា គ្រប់រថយន្តដឹកខ្សាច់ និងដឹកដី គ្រប់ប្រភេទត្រូវគ្រប់តង់ លាងកង់រថយន្ត ឲ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋាន ប្រសិនបើមិនអនុវត្ត តាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាល ៕

អត្ថបទដែលជាប់ទាក់ទង