ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តសៀមរាប ណែនាំអំពីផែនការសកម្មភាព នៃការផ្គត់ផ្គង់គ្រឿង ឧបភោគបរិភោគ និងសម្ភារចាំបាច់នានា ក្នុងពេលបិទខ្ទប់ជាតំបន់ក្រហម និងតំបន់លឿងទុំ

45

 

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបសូមណែនាំអំពីផែនការសកម្មភាពនៃការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់នានា ក្នុងពេលបិទខ្ទប់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុង គោលបំណងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនក្នុងតំបន់បិទខ្ទប់ រដ្ឋបាលខេត្ត សូមណែនាំ តំបន់ក្រហម ពលរដ្ឋគ្រប់រូបមិនអនុញ្ញាតឲ្យចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងលក្ខខណ្ឌដែលបានកំណត់ក្នុងសេចក្តីសម្រេចស្តីពី ការកំណត់ជាតំបន់ក្រហម ក្នុងករណីបងប្អូននៅបន្តចេញពីលំនៅឋាន ឬទីសំណាក់របស់ ខ្លួន អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការរៀបចំផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់ ៖ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន អាចបញ្ជាទិញគ្រឿងឧបភោគបរិភោគ និង សម្ភារចាំបាច់ប្រចាំថ្ងៃ តាមប្រព័ន្ធទូរស័ព្ទ ឬ Online ដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ហើយមានក្រុមការងារដឹកជញ្ជូនតាមការបញ្ជាទិញរបស់បងប្អូន និងសាធារណជន ដល់លំនៅឋាន ឬទីសំណាក់ដោយពុំគិតថ្លៃ ហើយថ្លៃដឹកជញ្ជូន ត្រូវបានទូទាត់ដោយរដ្ឋបាលខេត្ត។

បងប្អូនប្រជាពលរដ្ឋ និងសាធារណជន អាចបញ្ជាទិញគ្រឿងឧបភោគបរិភោគ និង សម្ភារចាំបាច់ប្រចាំថ្ងៃមានលក់នៅតាមទីតាំងលក់ដូរ ដែលត្រូវបានអនុញ្ញាត និង កំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិ សង្កាត់ តាមរយៈប្រព័ន្ធទូរស័ព្ទ ឬ Online ដោយពុំអនុញ្ញាតឲ្យបងប្អូនចេញទៅទិញដោយផ្ទាល់នៅទីតាំងឡើយ ហើយ ការដឹកជញ្ជូនត្រូវប្រើប្រាស់សេវាដឹកជញ្ជូនឯកជន ដែលមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច។

បងប្អូនប្រជាពលរដ្ឋ និងសាធារណជន អាចរង់ចាំទិញគ្រឿងឧបភោគបរិភោគ និង សម្ភារចាំបាច់ប្រចាំថ្ងៃ នៅតាមមុខលំនៅឋានឬទីសំណាក់រៀងៗខ្លួន ដោយបាបខត្ត បានរៀបចំឲ្យមានការលក់ដូរចល័តតាមរថយន្ត និងម៉ូតូរ៉ឺម៉កតាមខ្សែផ្លូវនៅក្នុងភូមិ ដែលបងប្អូនរស់នៅ ដោយមិនអនុញ្ញាតឲ្យមានការប្រជ្រៀតគ្នាទិញនៅជុំវិញរថយន្ត ឬរ៉ឺម៉កចល័ត នោះឡើយ។ អ្នកល្មើសនឹងបម្រាមនេះ នឹងត្រូវទទួលរងការពិន័យ ពីបទមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺក ១៩។

តំបន់លឿងទុំ គឺអនុញ្ញាតឲ្យមានការបើកភោជនីយដ្ឋាន អាហារដ្ឋាន ដោយលក់ជាសេវាកម្មមានលក្ខណៈវេចខ្ចប់ និងមិនអនុញ្ញាតឲ្យមានភ្ញៀវចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋានឡើយ ។ ភោជនីយដ្ឋាន អាហារដ្ឋាននានា ត្រូវរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មឲ្យស្រប តាមវិធានសុខាភិបាល និងទេសចរណ៍ ដើម្បីត្រៀមទទួលបាននូវការអនុញ្ញាតបើកសេវាកម្ម តាមគន្លងថ្មី នៃបរិបទការរស់នៅជាមួយជំងឺកូវីត-១៩ ។ រាល់សកម្មភាពក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវអនុវត្តឲ្យបានម៉ត់ចត់តាមវិធានការសុខាភិបាល វិធានការ ៣កុំ និង៣ការពារ ព្រមទាំង អនុវត្តតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងក្នុងសេចក្តីសម្រេច របស់រដ្ឋបាលខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង