ស្លាប់ម្នាក់ រងរបួស៦នាក់ ដោយសារអ្នកបើករថយន្តកុងតឺន័រ បុកចូលផ្ទះ
ភ្នំពេញ៖ ស្លាប់ម្នាក់រងរបួស៦នាក់ ដោយសារអ្នកបើករថយន្តកុងតឺន័រ បុកចូលផ្ទះប្រជាពលរដ្ឋម្នាក់ ក្រោយបុកយានដ្ឋាន ប៊ុន ថុល ជួសជុលរថយន្តគ្រប់ប្រភេទ ដោយមិនទាន់អស់ល្បឿនក៏ជ្រុលបុក ដល់ផ្ទះលក់គ្រឿងសំណង់គ្រប់ប្រភេទ យ៉ីហោ ទ្រីសុខុម ហៅ(តាំងគង់) បណ្តាលឲ្យរងការខូចខាតនៅរថយន្តចំនួន៣គ្រឿង ។ ក្នុងនោះក្មេងស្រីម្នាក់អាយុ១៤ឆ្នាំបានគៀបជាប់ស្លាប់ភ្លាមៗ នៅនិងកន្លែងនិងមានអ្នករងរបួសធ្ងន់ស្រាលចំនួន៦នាក់ទៀត។ ហេតុការណ៍ នោះកើតឡើងតាំងពីយប់ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ ។
ក្មេងស្រីរងគ្រោះ(សព)មានឈ្មោះ ហុក គីមឆាយ អាយុ១៤ឆ្នាំ រៀននៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ថ្នាក់ទី៧ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកង មាស ខេត្តកំពង់ចាម។ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់ ។អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុន កើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ក្បាលពណ៌ស មានស្លាកលេខ ព្រះសីហនុ4A.1183 និងខាងកន្ទុយមានស្លាកលេខព្រះសីហនុ3A-2588 យ៉ាងលឿនដោយស្ថានភាព ស្រវឹង តាមបណ្តោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រ៉េចង្កូតមកខាងឆ្វេងដៃ បុកចូលយានដ្ឋានជួសជុលរថយន្ត និងជ្រុលបុកចូលដល់ផ្ទះលក់គ្រឿងសំណង់មួយទៀត បណ្តាលឲ្យខ្ទិចរថយន្តចំនួន៣ គ្រឿង រថយន្តទីមួយម៉ាកម៉ាសឺដេស SLK 230ពណ៌លឿងមានស្លាកលេខ ភ្នំពេញ2AI-6163 រថយន្តទី២ ម៉ាក តាកុមារ ពណ៌ទឹកប្រាក់មានស្លាកលេខភ្នំពេញ2-AR1907 និងរថយន្តទី៣ម៉ាកកូឡា ពណ៌ទឹកប្រាក់មានស្លាកលេខ ភ្នំពេញ2M-8719 និងខូចខាតសម្ភារៈមួយចំនួនធំ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរស្រវឹងស្រាជោក ក្រោយកើតហេតុត្រូវឃាត់ខ្លួន ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក រថយន្តបង្ក និងអ្នកបើកឡានទៅរក្សារទុក រង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចធ្វើសំណុំបែបបទ ប្រគល់ឲ្យឪពុកម្តាយ៕










