ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៨ចំណុចសំខាន់ៗ ដែលមហាសន្និបាត CAMSOC សម្រេចបាន

173

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើការកត់សម្គាល់ថាតាមរយៈមហាសន្និបាត CAMSOC សម្រេចបានផ្លែផ្កាចំនួន ១៨ចំណុចសំខាន់ៗ។
អ្វីដែលសម្រេចចេញនូវលទ្ធផលជាផ្លែផ្កាចំនួន ១៨ចំណុចសំខាន់ៗ ដូចខាងក្រោមគឺមាន៖
ទី១៖ប្ដេជ្ញាចិត្តកាត់បន្ថយគម្រោងថវិកា SEA Games – ASEAN Para Games 2023 ឲ្យនៅកម្រិតក្រោមគម្រោងថវិកាចំណាយការរៀបចំ SEA Games – ASEAN Para Games 2023 នៅប្រទេសដទៃកន្លងមក។

ទី២៖ស្នើសុំរាជរដ្ឋាភិបាលដាក់ពន្ធនាំចូលនិងពន្ធVATជាបន្ទុករបស់រដ្ឋទាក់ទងផ្នែកឧបករណ៍កីឡាផ្សេងៗនិងពន្ធប្រាក់ចំណូលរបស់ក្រុមហ៊ុនដៃគូចុះកិច្ចសន្យាជាមួយ CAMSOC និងគ្រឿងសំណង់គ្រប់ប្រភេទជាដើម។
ទី៣៖ស្នើសុំក្រសួងពាណិជ្ជកម្មជួយថែរក្សាការពារកម្មសិទ្ធិបញ្ញា ជាទ្រព្យសម្បត្តិរបស់ SEA Games – ASEAN Para Games 2023 ដែលបានចុះបញ្ជីជាផ្លូវការរួចហើយដោយចាត់វិធានការលើការរំលោភការប្រើប្រាស់ឬក្លែងបន្លំឬការផលិតទំនិញក្លែងក្លាយដែលប៉ះពាល់ការរកចំណូលរបស់ CAMSOC។
ទី៤៖ស្នើសុំរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ថាមពលទឹកភ្លើងជាបន្ទុករបស់រដ្ឋនៅគ្រប់ទីលានប្រកួតកីឡាក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡា SEA Games – ASEAN Para Games ឆ្នាំ២០២៣ ។

ទី៥៖កម្លាំងហ្វឹកហាត់សម្ដែងក្នុងពិធីបើក-បិទ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងសិល្បករ ក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយស្មារតីស្ម័គ្រចិត្តដោយមិនទទួលយកប្រាក់កម្រៃក្នុងពេលហ្វឹកហាត់លើកលែងតែក្នុងករណីតម្រូវការចាំបាច់ជាក់ស្ដែង។ កម្លាំងសន្ដិសុខ សណ្ដាប់ធ្នាប់ របស់នគរបាល និងកងរាជអាវុធហត្ថ បម្រើការដោយប្រយោល តាមគោលដៅ សូមផ្ដល់ស្មារតីស្ម័គ្រចិត្ត លើកលែងកម្លាំងបម្រើការផ្ទាល់ដែលត្រូវមានការលើកទឹកចិត្ត។
ទី៦៖អាជ្ញាធររាជធានីខេត្តសូមផ្ដល់ទីតាំងនិងផ្ដល់សិទ្ធិរៀបចំតាមទីសាធារណៈតាមដងផ្លូវមហាវិថីសំខាន់ៗដើម្បីតាំងបង្ហាញរូបភាពផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា និងអនុញ្ញាតអំឡុងពេល៣ខែ មុនព្រឹត្តិការណ៍តាំងបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្ម ដល់ក្រុមការងារទីផ្សារ ចលនូបត្ថម្ភ និងផ្សព្វផ្សាយរបស់ CAMSOC។

ទី៧ ៖ស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពរៀបចំពន្យារពេលវិស្សមកាលតូចក្នុងឆ្នាំ២០២៣ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីទុកលទ្ធភាពឲ្យសិស្ស-និស្សិតចូលរួមធ្វើអ្នកស្ម័គ្រចិត្ត និងចូលរួមទស្សនាលើកទឹកចិត្ត ពិសេសលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា។
ទី៨៖ស្នើសុំក្រសួងសុខាភិបាល រៀបចំផែនការជួយផ្ដល់ការឧបត្ថម្ភដោយឥតគិតថ្លៃ ដូចជារថយន្ដព្យាបាលចល័ត, ធ្វើតេស្ដកូវីដ-១៩ និង PCR ក្នុងករណីចាំបាច់, ផ្ដល់ឧបករណ៍បរិក្ខាពេទ្យក្នុងការរៀបចំ Poly Clinic នៅភូមិកីឡា និងផ្ដល់វេជ្ជបណ្ឌិត និងគ្រូពេទ្យជាដើម។

ទី៩៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមផ្ដល់ឱកាសក្នុងការបើកច្រក5Gបណ្ដោះអាសន្នដោយផ្ដល់សិទ្ធិដល់ក្រុមហ៊ុនទូរស័ព្ទជាដៃគូ CAMSOC សាកល្បងប្រើប្រាស់ និងអនុញ្ញាតដំឡើងអង់តែនសេវា Internet មុនពេល និងអំឡុងពេលប្រកួត។
ទី១០៖ស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទូទាត់កញ្ចប់ថវិកាផ្ទាល់ទៅក្រុមហ៊ុន Royal Group រថយន្ត Limousines ដែលត្រូវប្រើប្រាស់ក្នុងកម្មវិធី CAMSOC និងក្នុងព្រឹត្តិការណ៍ប្រកួត Pre-SEA Games ប្រកួត SEA Games-ASEAN Para Games 2023។

ទី១១៖ឈ្មោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាASEAN Para Gamesលើកទី១២«CAMSOC»ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់
លើរាល់កិច្ចការរដ្ឋបាលផ្ទៃក្នុង និងក្រៅប្រទេស។ ទន្ទឹងនឹងនេះ ការអភិវឌ្ឍគុណផលកីឡាជនពិការ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ និងឧបត្ថម្ភសម្ភារៈ ឧបករណ៍កីឡាជនពិការ និងរៀបចំទីលានហ្វឹកហាត់ឲ្យបានត្រឹមត្រូវ សម្រាប់ជនពិការភាព។

ទី១២៖ស្នើសុំរាជរដ្ឋាភិបាលចូលធ្វើការជួសជុលបណ្ដើរៗចំពោះទីកន្លែងទុកចោលឈប់ប្រើប្រាស់នៃទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលធ្លាប់ព្យាបាល Covid-19 ដោយរក្សាទីតាំងកំពុងព្យាបាលនៅដដែល។
ទី១៣៖ស្នើសុំរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយបញ្ហាហ្វឹកហាត់របស់កីឡាករកីឡាការិនីជម្រើសជាតិដោយការបង្កើនរបបអាហារបំប៉នប្រចាំថ្ងៃឲ្យឡើងដល់ ៦ម៉ឺនរៀល ក្នុងមួយថ្ងៃ សម្រាប់ម្នាក់ ដែលអាចបំពេញកាឡូរីបានពី ៥,០០០ ទៅ ៦,០០០កាឡូរី។
ទី១៤៖ស្វែងរកការរៀបចំមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡាដែលជួយជំរុញដល់ការបង្កើនគុណផលកីឡាកម្រិតខ្ពស់។
ទី១៥៖គួរមានការរៀបចំក្រុមប្រតិកម្មរហ័សដើម្បីធ្វើការឆ្លើយតបចំពោះអគតិជនដែលប្រើប្រាស់ព័ត៌មានវាយប្រហារតាមបណ្ដាញសង្គម ធ្វើឲ្យមហាជនមានការថ្នាំងថ្នាក់ និងយល់ច្រលំមកលើការរៀបព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ។

ទី១៦-៖ការរៀបចំជួសជុលកែលម្អ និងកសាងគ្រប់ទីលានប្រកួត ត្រូវចាប់ផ្ដើមឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។
ទី១៧៖ ប្រមូលផ្ដុំកម្លាំងការងាររបស់ CAMSOC ដោយបែងចែកកាលវិភាគបម្រើការងារ រវាងការងារស្នូល និងការងារ CAMSOC ឲ្យបានច្បាស់លាស់ ដើម្បីជំរុញប្រសិទ្ធភាពការងារ ដោយភាពម្ចាស់ការ និងទទួលខុសត្រូវខ្ពស់។
ទី១៨៖សន្និបាតនឹងពង្រឹងកិច្ចសហការការងារសំខាន់ៗមួយចំនួនជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីធ្វើឲ្យការផ្សព្វផ្សាយអំពីសកម្មភាពនៃដំណើរឆ្ពោះទៅការប្រកួតSEA Games ASEAN Para Games2023តាមរយៈការប្រើប្រាស់កម្លាំងយុវជនប្រកបដោយសក្ដា
នុពល និងជោគជ័យ។

ឯកឧត្ដមបណ្ឌិតថោង ខុនត្រូវបានតែងតាំងជាសហប្រធាន ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដឹកនាំនិងរៀបចំព្រឹត្តិ
ការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់កាលបរិច្ឆេទរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង