វៀតណាម សរសើរកម្ពុជាថា ត្រៀមខ្លួនល្អសម្រាប់ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖បន្ទាប់បញ្ចប់ការចូលរួមប្រជុំ នាយបេសកកម្មស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ប្រតិភូកម្ពុជាដែលដឹកនាំ ដោយឯកឧត្តមវ៉ាត់ ចំរើន ដែលជានាយបេសកកម្មរបស់កម្ពុជា បានមកដល់មាតុភូមវិញហើយ កាលពីយប់ថ្ងៃទី២០មីនា ។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ៖«អ្វីដែលវៀតណាម ចាប់អារម្មណ៍ជាងគេ គឺការរីកចម្រើននៅក្នុងការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា។គេថាកម្ពុជារៀបចំបានល្អ ហើយលឿន ជាងវៀតណាមដែលពេលនេះកំពុង រៀបចំបន្តទៅទៀតនៅឡើយ ព្រោះវៀតណាមពេលនេះ ទីលានប្រកួតមួយចំនួនមិនទាន់ ធ្វើហើយរួចរាល់នៅឡើយទេ ទីលានខ្លះកំពុងតែដំណើរការ នៅក្នុងការតុបតែង និងធ្វើការរៀបចំបន្តធ្វើនៅឡើយ។ ប៉ុន្តែដោយសារធនធានគេច្រើន គេមានអ្នកជំនាញច្រើន ទើបវៀតណាម បានប្តេជ្ញាថា នឹងធ្វើឲ្យទាន់ពេលប្រកួតស៊ីហ្គេម។
ឯកឧត្តមអគ្គលេខាធិការ ក៏បានបន្ថែមផងដែរថា ភាគីវៀតណាម និងកម្ពុជា ក៏បានការផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍គ្នា ទៅវិញទៅមកពាក់ព័ន្ធនឹង ទីលានប្រកួតក្នុងគ្រាដែល កំពុងចូលរួមទស្សនកិច្ចនៅ តាមទីលានប្រកួតនានាក៏ដូចជា កីឡដ្ឋានត្រៀមរៀបចំ ពិធីបើក-បិទស៊ីហ្គេមលើកទី៣១។
ឯកឧត្តមបន្ដថា ប្រតិភូកម្ពុជាបានទៅទស្សនា នៅទីលានប្រកួតមួយចំនួន នៅទីក្រុងហាណូយ ហើយក៏បានធ្វើការពិភាក្សា ផ្ទាល់ជាមួយអ្នកគ្រប់គ្រងទីលាន ទីលាននីមួយៗដើម្បីការដកស្រង់បទពិសោធន៍ ជាមួយពួកគាត់ថាតើគាត់ ត្រៀមអ្វីខ្លះនៅក្នុងទីលានមួយៗ សម្រាប់ការរៀបចំរបស់គាត់។
សូមបញ្ជាក់ថា ក្រោមការណែនាំ ពីសំណាក់ សម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយក
រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិនិង ជាប្រធានគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមលើកទី៣២(CAMSOC) និងឯកឧត្តមថោង ខុនអនុប្រធានអចិន្ត្រៃយ៍ CAMSOC ឯកឧត្តមវ៉ាត ចំរើន ដែលជាអគ្គលេខាធិការ CAMSOC ទទួលបន្ទុក ជានាយបេសកកម្មរបស់ កម្ពុជាសម្រាប់ស៊ីហ្គេម បានដឹកនាំប្រតិភូមួយ ក្រុមទៅចូលរួម ប្រជុំនាយបេសកកម្ម ជាមួយបណ្ដានាយបេសកកម្មនៃ បណ្ដាប្រទេសអាស៊ាន នៅទីក្រុងហាណូយ ដើម្បីស្រាវជ្រាវ និងផ្លាស់ប្ដូរយោបល់គ្នា ជាមួយ
ម្ចាស់ផ្ទះ និងប្រទេសជាសមាជិក ៕