ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ស្នើក្រសួងប្រៃសណីយ៍ ជួយទប់ស្កាត់ការផ្សព្វផ្សាយ លក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី

65

 

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០២៣ បានចេញលិខិតគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសំណើសុំទប់ស្កាត់ការផ្សព្វផ្សាយ លក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មេត្តាជ្រាបថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាល មានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោស តាមច្បាប់។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះ តាមគ្រប់រូបភាពត្រូវមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការ ផ្សព្វផ្សាយជាសាធារណៈឡើយ។ ដូច្នេះ ក្រសួងសុខាភិបាល សូមឯកឧត្ដមរដ្ឋមន្ត្រី មេត្តាជួយសហការទប់ស្កាត់ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្តី មេត្តាពិនិត្យ និងសហការជួយទប់ស្កាត់៕

 

អត្ថបទដែលជាប់ទាក់ទង