អ្នកចម្រៀងប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មេីសគ្រឿងញៀន, លោកស្រី ទ្រី ដាណា បង្ហេីបថា ធ្លាប់ជួយដល់ប៊ុត សីហា គិតជាប្រាក់ជិត១០ម៉ឺនដុល្លារ
ខេត្តកំពង់ស្ពឺ៖ នគរបាលឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួក ពាក់ព័ន្ធគ្រឿងញៀន, ក្រោយ ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធបទល្មេីសគ្រឿងញៀន លោកស្រី ទ្រី ដាណា បង្ហេីបថា ធ្លាប់ជួយដល់ប៊ុត សីហា គិតជាប្រាក់ជិត១០ម៉ឺនដុល្លារ។
លោកស្រី ទ្រី ដាណា បង្ហេីបថា ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ។ នេះជាការបញ្ជាក់ពី លោកស្រី ទ្រី ដាណា ។
ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។
សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ។
អ្នកចម្រៀង ឈ្មោះ ប៊ុត សីហា មាន ឈ្មោះបោះសម្លេង ថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ១ផងនោះ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួន កសាងសំណុំរឿងចាត់ការបន្ត។
ការឃាត់ខ្លួនអ្នកចម្រៀង ប៊ុត សីហា និងបក្ខពួកធ្វើឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានឱ្យដឹងថា កម្លាំងនគរបាលស្រុកគងពិសីបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បាន២នាក់ ៖
ទី០១-ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសីនិងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ(ដែលគេស្គាល់ច្បាស់ថាជាអ្នកចម្រៀងប្រឡង ជាប់លេខ១ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបាននិយាយបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានគឺកម្លាំងនគរបាលស្រុកល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់មានការសង្ស័យសួរនាំឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។
នគរបាលបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមជនសង្ស័យរួមជាមួយវត្ថុតាងការិយាល័យជំនាញ កំពុងកសាង សំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕