ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួនាទីនៃសារព័ត៌មាន ជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹងលើវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជន

45

 

ភ្នំពេញ ៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា តួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹងលើវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

លោក សុខ វឿន បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសារព័ត៌មានស្តីពីមូលដ្ឋានគ្រឹះនៃវិស័យ ធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី។

“ពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសារព័ត៌មាន ស្តីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា” ដែលវគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយមានកិច្ចសហការរវាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា។

លោក សុខ វឿន បានមានប្រសាសន៍ថា សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដោយមិនអាចខ្វះបាន ក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline ។ ទន្ទឹមនឹងនេះ តួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បាន ព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹងលើវិស័យហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក្នុងគោលដៅធានាឱ្យបាននូវស្ថិរភាព និងនិរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្តក្នុងចំណោមសាធារណៈជនផងដែរ។ ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើប សមាគមទាំងបី រួមជាមួយនឹងក្លឹបអ្នកកាសែតកម្ពុជា បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះ ឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់បងប្អូនអ្នកសារព័ត៌មាន ឱ្យកាន់តែស៊ីជម្រៅ ដើម្បីអាចផលិតជាមាតិកាព័ត៌មានដែលមានសុក្រឹតភាព។

តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែកន្លងទៅនេះ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនអ្នកសារព័ត៌មានដែលជាសិក្ខាកាម នឹងទទួលបានចំណេះដឹងកាន់តែ ទូលំទូលាយ អំពីវិស័យ ហិរញ្ញវត្ថុ ហើយខ្ញុំបាទក៏ជឿជាក់ថា វិស័យទាំងពីរ ពោលគឺវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុ នឹង មានទំនាក់ទំនងល្អកាន់តែជិតស្និទ្ធិ ដើម្បីសហការផ្តល់ជាមាតិកាព័ត៌មានដែលនឹងផ្តល់អត្ថប្រយោជន៍ ក៏ដូចជាចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជនឱ្យចេះ គ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាព ដែលនឹងចូលរួមចំណែកលើកកម្ពស់ស្ថេរភាព និងកំណើនសេដ្ឋកិច្ចជាតិ។

លោកក៏សូមអរគុណផងដែរដល់ ដៃគូទាំងអស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន និងការីនិពន្ធទាំង
៤០ ស្ថាប័ន ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល រយៈពេល ៣ខែនេះ ប្រព្រឹត្តទៅរលូន និងប្រកបដោយ ជោគជ័យ។ លោក សុខ វឿន ជឿជាក់យ៉ាងមុតមាំថា កម្មវិធីបណ្តុះបណ្តាលនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយ ក្នុងកិច្ចការអភិវឌ្ឍ ទាំងវិស័យធនាគារនិងហិរញ្ញវត្ថុផ្ទាល់ និងវិស័យសារព័ត៌មាននៅកម្ពុជា នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង