ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែក ក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាននូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ

43

 

រដ្ឋធានីប៉េកាំង ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ជាកិច្ចចាប់ផ្ដើម, សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកវ៉ាង តុងជូ និងគណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ សម្តេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា ។ លោក វ៉ាង តុងជូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម ។ ជាមួយគ្នានេះ, លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។

ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក ។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ, សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ។

មុននឹងបញ្ចប់, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាននូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ។ ជាកិច្ចបញ្ចប់, សម្តេចធិបតី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចធិបតី បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង