ប្រគំតន្រ្តីអូខេស្ត្រា ដើម្បីប្រារព្ធខួបលើកទី៧០ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាការប្រគំតន្រ្តីអូខេស្ត្រា ដើម្បីប្រារព្ធខួបលើកទី៧០ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន នៅល្ងាចថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលអង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឆ្នាំ២០២៣គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជាដែលបានបង្កើតឡើងកាលពីឆ្នាំ ១៩៥៣។ប្រទេសជប៉ុន បានចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីសន្តិភាពនៅកម្ពុជា នៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៩០។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩១ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងសន្តិភាពនៅកម្ពុជា និងគាំទ្រដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ។
ឯកឧត្តម ចាន់ រតនា សហប្រធានគណៈកម្មការប្រតិបត្តិកម្ពុជា សម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០ មិត្តភាព កម្ពុជា និងជប៉ុន បានមានប្រសាសន៍ថា ដោយសារឆ្នាំនេះជា “ឆ្នាំពិសេស” នៃមិត្តភាពរបស់យើង ព្រឹត្តិការណ៍ និងសកម្មភាពប្រវត្តិសាស្ត្រជាច្រើនត្រូវបានរៀបចំឡើង ដើម្បីរំលឹកដល់មិត្តភាពដ៏រីកចម្រើនរបស់យើង ដូចជាការផ្លាស់ប្តូរសារអបអរសាទរពីថ្នាក់ដឹកនាំរបស់យើង ពិធីបុណ្យគីហ្សូណា។ មហោស្រពភាពយន្តជប៉ុន មហោស្រព TANABATA ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ និងវេទិកាសាធារណៈស្តីពីសមិទ្ធិផល និងទិសដៅអនាគតនៃ ទំនាក់ទំនងកម្ពុជា និងជប៉ុន និងព្រឹត្តិការណ៍ជាច្រើនទៀតដែលត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដើម្បីរំលឹកដល់ឆ្នាំមិត្តភាពនេះ។
ជាការពិតណាស់ យើងមានមោទនៈភាពជាខ្លាំងដែលទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ជប៉ុនឥឡូវនេះឈានដល់ដំណាក់កាលថ្មីមួយនៅឆ្នាំនេះ គឺ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិត នៃកិច្ចសហប្រតិបត្តិការខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រថ្មីនេះ ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ជាពិសេសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
គួរបញ្ជាក់ថា កម្មវិធីដែលសិល្បករតន្ត្រីជប៉ុននឹងប្រគំនៅថ្ងៃនេះ រួមមានជាច្រើនផ្នែក ចាប់ពីតន្ត្រីបុរាណ រហូតដល់តន្ត្រីក្នុងគំនូរជីវ ចលដ៏ល្បីរបស់ជប៉ុន ឬហៅថា អានិមេ។ កម្មវិធីនេះ ត្រូវបាន រៀបចំឡើងដើម្បីផ្ដល់ភាពរីករាយសម្រាប់ទាំង កុមារ និងមនុស្សធំដូចគ្នា ដូច្នេះសូមរីករាយជាមួយនឹងការប្រគំតន្រ្តីអូខេស្ត។
សូមបញ្ជាក់ដែរថា ស្អែកនេះ នឹងមានការប្រគំតន្រ្តីអូខេស្ត្រាម្ដងទៀតនៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៥.៣០នាទីល្ងាច។ ថ្ងៃខានស្អែក ក៏មានការប្រគំតន្រ្តីអូខេស្ត្រានៅផ្សារទំនើបអ៊ីអនមានជ័យ ចំនួនពីរលើក គឺចាប់ពីម៉ោង២រសៀល និងលើកទី២ ចាប់ពីម៉ោង៤.៣០នាទីរសៀល។ ការប្រគំតន្រ្តីនៅទីតាំងផ្សេងៗគ្នានេះ អាចនឹងមានកម្មវិធីខុសគ្នាបន្តិចបន្តួចពីកម្មវិធីដែលលោកអ្នកនឹងរីករាយនៅថ្ងៃនេះ។ ការប្រគំតន្ត្រីចំនួន៣លើកនៅ ថ្ងៃទី១៦ និង១៧ ខែកញ្ញា នឹងបើកជាសាធារណៈ ហើយមិនតម្រូវឱ្យមានការកក់ទុកជាមុននោះទេ ដូច្នេះសូមអញ្ជើញ មកកាន់ទីតាំងណាមួយដូចបានរៀបរាប់ខាងលើនៅផ្សារទំនើបអ៊ីអន ដើម្បីចូលរួមរីករាយទស្សនា៕