សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅសហរដ្ឋអាមេរិក
ភ្នំពេញ ៖ ព្រឹកស្អែក នាថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន «សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាត អង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។ មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។
អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។
ខ្លឹមសារនៃសន្ទរកថារបស់ សម្ដេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹង ផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជន បរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។
នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មក ពីបណ្តាប្រទេសនានាផងដែរ៕