ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

52

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការជាមួយ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាព មីននៅកម្ពុជា។ ជំនួបនេះបានប្រព្រឹត្ដទៅ ថ្ងៃទី២១ កញ្ញា ២០២៣ ។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និងសុខភាព ជា ដើម ព្រមទាំងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោស សម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។
ពាក់ព័ន្ធនឹងសកម្មភាពមីន លោក ទេសរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រម ទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦៧.៥៩០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧.៧៨៨ គ្រាប់។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ និងការតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។
លោក Dominic Williams បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីនដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរក្នុងការចូលរួមរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
លោកបានបន្ដថា៖ ពាក់ព័ន្ធនឹងការចូល រួមរបស់ចក្រភពអង់គ្លេសក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អង់គ្លេស បាន រៀបចំផែនការ និងត្រៀមកញ្ចប់ថវិការួចរាល់ហើយសម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីនHALO Trustនិង MAG នៅតែរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង