ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយក រដ្ឋមន្ត្រីស៊ុន ចាន់ថុល ៖ ក្រុមហ៊ុនទាំងអស់ មកបណ្តាក់ទុននៅកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ច

56

 

ភ្នំពេញ៖ នាទី២១ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងប្រតិភូអមដំណើរបានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា ក្រុមហ៊ុន Marvel Garment Co., Ltd., ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. និងក្រុមហ៊ុន Cambodia Beverage Company., Ltd. ។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល តាម រយៈអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ កន្ថោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបួល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ ហិកតា។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានតម្រោងវិនិយោគសរុបចំនួន ១៣៩ គម្រោង ដែល មានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត, ខ្សែ អគ្គិសនី, បន្ទះសូឡា, បរិក្ខារពេទ្យ, កែច្នៃពេជ្រ, បរិក្ខារសាងសង់, គ្រឿងសំអាង, ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ, ផលិតផលស្បែក, សម្លៀកបំពាក់ និងស្បែកជើង។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០ កន្លែង។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ក៍បានពិនិត្យមើលសកម្មភាពផលិតកម្មរបស់រោងចក្រនៃក្រុមហ៊ុនចំនួន ៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចខាងក្រោម៖ ១. ក្រុមហ៊ុន Marvel Garment Co., Ltd. ចាប់ផ្ដើមដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ លើ មុខសញ្ញាកាត់ដេរសម្លៀកបំពាក់ (ម៉ាកណៃតី Nike, ប៉ូឡូ Polo, លូលូឡេម៉ុន Lululemon) ក្នុងទុនវិនិយោគ ២៥០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារបានចំនួន ១៣.៣០០ កន្លែង។ ជាមួយគ្នានោះ គណៈប្រតិភូក៍បានធ្វើទស្សនកិច្ចការដ្ឋានសាងសង់អាគាររោងចក្ររបស់ក្រុមហ៊ុន Sun Fair Garment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co, Ltd. កំពុងសាងសង់អាគាររោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទំហំផ្ទៃដីជាង ៤០ ហិកតា និងគ្រោងជ្រើសរើសកម្មករ និយោជិតប្រមាណ ៨០០០ នាក់ ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។

២. ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ចាប់ផ្ដើមដំណើរការវិនិយោគនៅក្នុងកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មជាបន្តបន្ទាប់ ដោយវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច, ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន, ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទ, ប៊ិកអេឡិចត្រូនិក, ឧបករណ៍រំញ័រសម្រាប់ ហ្គេមកុំព្យូទ័រ, គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក, ផ្ទាំងបញ្ចេញពន្លឺ LED, ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និង ប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ ដែលក្រុមហ៊ុន បានវិនិយោគក្នុងទំហំទុនវិនិយោតប្រមាណ ៧០ លានដុល្លារ អាមេរិក នៅលើផ្ទៃដីទំហំ ២០ ហិកតា និងបានបង្កើតការងារបានចំនួនប្រមាណ ៦.៦៥០ កន្លែង។

៣. ក្រុមហ៊ុន Cambodia Beverage Company., Ltd. ចាប់ផ្ដើមដំណើរការក្នុងកំឡុងខែតុលា ឆ្នាំ ២០១៥ លើមុខសញ្ញាផលិតផលិតផលភេសជ្ជៈ(Coca-Cola, តែ, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈបំពេញជាតិ ទឹក…) ដែលមានទុនវិនិយោគចំនួន១០០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១២,៥ ហិកតា និងបានបង្កើត ការងារចំនួន ២៣០ កន្លែង។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិនិយោគិន ជាអ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ត្រូប ភ្នំពេញ ក៍ដូចជាវិនិយោគិននៃបណ្តាក្រុមហ៊ុនទាំង ៣ ដែលបានបណ្តាក់ ទុនវិនិយោគនៅកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវី១៩ក្តីក៍ក្រុមហ៊ុននៅតែបន្តដំណើរការវិនិយោគរបស់ខ្លួន ដែល នេះជាការបង្ហាញអំពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្តី ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅក្នុង ព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ចកម្ពុជា និងចូលរួមដល់ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្តី បានវាយតម្លៃខ្ពស់ និងលើកឡើងអំពីតួនាទីដ៍មានសារៈសំខាន់របស់ យន្តការច្រកចេញចូលតែមួយនៅនឹងកន្លែងនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលមានមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធប្រចាំការជាប់ជាប្រចាំ ក្នុងគោលបំណងផ្តល់កិច្ចសម្រួលវិនិយោគគ្រប់រូបភាព ទាំងនីតិវិធី រដ្ឋបាល ការនាំចេញនាំចូលទំនិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិតប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះជាឧទាហរណ៍ដ៍ល្អ និងជាផ្នែកមួយនៃការផ្តល់សេវាថែទាំវិនិយោតដូចមានចែងនៅក្នុងច្បាប់ និងអនុក្រឹត្យ ស្តីពីវិនិយោតនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះសកម្មភាពផ្សព្វផ្សាយទាក់ទាញវិនិយោគមកកម្ពុជា នាពេលខាងមុខ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានបង្ហាញឆន្ទះខ្ពស់ អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់ អំពីកាលានុវត្តភាពវិនិយោគ របស់កម្ពុជា នៅក្រៅប្រទេស ជាពិសេសផ្សព្វផ្សាយអំពីគោលនយោបាយ និងផែនការសកម្មភាពចំពោះមុខ របស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ក្នុងការទាក់ទាញវិនិយោតមកកម្ពុជា។

តំណាងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ត្រុប ភ្នំពេញ និងតំណាងក្រុមហ៊ុនទាំង៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់កិច្ចដំណើរការ វិនិយោគរបស់ក្រុមហ៊ុនទាំងអស់ នាពេលកន្លងមក និងបានចុះមកពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍជាក់ស្តែង នាពេលនេះ។ ជាមួយគ្នានេះ វិនិយោគិនទាំងអស់ បានអបអរសាទរ និងបង្ហាញជំនឿជឿជាក់ ប្រកបដោយ ភាពកក់ក្តៅចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លូសវៃ និងមាន ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័ន ដែលប្រចាំការនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលបានទទួល និងចូលរួមក្នុងទស្សនកិច្ចការងារដ៏មានសារសំខាន់ ហើយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្តកិច្ចសហការគ្នាប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងបង្កើនការខិតខំប្រឹងប្រែង ដើម្បីផ្ដល់កិច្ចសម្រួលវិនិយោគបន្ថែមទៀតជូនវិនិយោគិន៕

អត្ថបទដែលជាប់ទាក់ទង