ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកអោយកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច

104

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកអោយកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈលោកដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញ ការរៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកបានល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអន្តរជាតិនិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទៀមទាអោយយើងរួមគ្នា ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណា បញ្ជៀសអោយបានពីការលិចលល់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។

លោក ឃួង ស្រេង បន្តថា៖ ការប្រជុំនេះ មានគោលបំណង ប្រមូលព័ត៌មាន ជុំវិញប្រព័ន្ធលូ ប្រឡាយ អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញអោយបានកាន់តែល្អប្រសើរ និងប្រើប្រាស់បាន យូរអង្វែងពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺ កុំចូលមករាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្ថែមទៀតថា តាមគោល ការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី អោយបានល្អ ដោយធ្វើយ៉ាងណា កុំអោយមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីយើងបន្តអនុវត្តលើការងារនេះបន្តទៀត ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីការគិតគូរ ចំពោះប្រព័ន្ធលូ ប្រឡាយ ដែលត្រូវកែលម្អ ឡើងវិញ ពិសេសគឺការពង្រីក ប្រឡាយបង្ហូរទឹកពីតូចទៅធំ ការតំឡើងស្ថានីយបូមទឹកអោយកាន់តែធំជាងមុននិងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀតផងដែរ។ លោកបន្តថា ស្របពេលដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានភាពស៊ីវីល័យរដ្ឋបាលរាជធានីភ្នំពេញនឹង រៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញបានយូរអង្វែងចាប់ពី២០ទៅ៣០ឆ្នាំ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងផងដែរថា៖ការស្ថាបនាប្រព័ន្ធ លូ នៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២២នេះ យើងស្ថាបនាបានបណ្តាញលូប្រវែងជាង៩២៤គីឡូម៉ែត្រហើយ យើងនឹងបន្តស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀត ។ បញ្ហាសំខាន់គឺយើងរក្សាអោយបាននៅអាងស្តុបទឹក ដើម្បីរំទឹកចេញពីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង