កាហ្វេខេត្តមណ្ឌលគិរី ត្រូវបានបញ្ជាទិញពី ក្រុមហ៊ុន ខូហ្វី តាមរយៈ ចុះកុងត្រាបញ្ជាទិញក្នុងតម្លៃច្បាស់លាស់
មណ្ឌលគិរី៖ កាហ្វេខេត្តមណ្ឌលគិរី ត្រូវបាន បញ្ជាទិញពី ក្រុមហ៊ុន ខូហ្វី តាមរយៈ ចុះកុងត្រាបញ្ជាទិញក្នុងតម្លៃច្បាស់លាស់។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុនខូហ្វី និងអង្គការSNVបាន រៀបចំកិច្ចប្រជុំវេទិកា ពហុភាគីអ្នកពាក់ ព័ន្ធ រវាងក្រុមអ្នកផលិតកាហ្វេ និងក្រុមហ៊ុនខូហ្វី ជាអ្នកប្រមូលទិញផលិតផលកាហ្វេស្រស់ ដើម្បីពិភាក្សារកចំណុចរួមអំពីលក្ខខណ្ឌទិញលក់ផលិតផលកាហ្វេ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីឱ្យដឹងថា ការរៀបចំកិច្ចប្រជុំនេក្នុងគោលបំណង ១.ការធ្វើឱ្យមានខ្សែចង្វាក់ផលិតផលដំណាំកាហ្វេមានគុណភាពខ្ពស់តាមរយៈការចុះកិច្ច សន្យា,២.ផ្សព្វផ្សាយពីផលប្រយោជន៍ដល់សមាជិកក្រុមដាំដុះដំណាំកាហ្វេ,៣.ប្រឹក្សាយោបល់រវាងក្រុមផលិតអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និង៤.ផ្ដល់ធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅលើដំណាំកាហ្វេ។
លោក បន្ថែមថា បច្ចុប្បន្ននេះដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរីកំពុងមានសក្តានុពល និងមានតម្រូវការខ្ពស់លើទីផ្សា ដោយសារខេត្តមណ្ឌលគិរី អំណោយផលដល់ការដាំដុះដំណាំកាហ្វេ និងមានអ្នក ទទួលទានកាហ្វេកាន់តែមានចំនួនច្រើនឡើងៗ មិនថាតែនៅ រាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ក្នុងបណ្តាខេត្តផ្សេងៗនោះទេ។ លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់សហគមន៍កសិកម្មលើការដាំដុះដំណាំកាហ្វេ ដែលនេះជាគោលនយោបាយមួយ ដើម្បីធ្វើឱ្យសហគមន៍កសិកម្មដាំដុះដំណាំកាហ្វេមានភាពរឹងមាំង មានគុណភាព និងមានទីផ្សា។
លោក ឃុន អូន អភិបាលរងក្រុងសែនមនោរម្យ បានបញ្ជាក់ថា ត្រូវយកចិត្តទុក ដាក់ដាំដុះដំណាំកាហ្វេ ស្របតាមបច្ចេកទេស ដោយសហការជាមួយក្រុមហ៊ុន ឬអង្គការពាក់ព័ន្ឋ ជាពិសេស គឺមន្ទីរកសិកម្ម សម្រាប់ការបំពេញបន្ថែមលើការងារដាំ ដុះដំណាំកាហ្វេឲ្យមាន គុណភាពខ្ពស់។ ថ្វីបើកាហ្វេខេត្ត មណ្ឌលគិរី ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែការផ្គត់ផ្គង់កាហ្វេរបស់ខេត្តមណ្ឌល គិរី មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់ទីផ្សារឡើយ។ ជាមួយគ្នានេះ ការស្វែង រកទីផ្សារទិញផលិតផល គឺជារឿងសំខាន់របស់អ្នកផលិត ប៉ុន្តែបើផលិតផលដែលត្រូវលក់ចេញគ្មានគុណភាព វាមិនត្រឹម តែធ្វើឲ្យតម្លៃលក់ចេញបានថោកនោះទេកត្តានេះក៏ជះផលអវិជ្ជមានសម្រាប់កេរ្តិ៍ឈ្មោះផលិតផលក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា លទ្ទផលនៃកិច្ចប្រជុំនេះ បានឯកភាពយកទីតាំងមន្ទីរកសិកម្មជាកន្លែងប្រមូលផ្ដុំផលិតផលកាហ្វេ, ការទិញលក់កាហ្វេស្រស់ក្នុងកិច្ចសន្យា រយៈ ពេល ២ ឆ្នាំ និងការទិញលក់តម្លៃកាហ្វេស្រស់ ចំណាត់ថ្នាក់លេខ ១ តម្លៃ១៩៥០រៀលក្នុង១គីឡូក្រាម,ចំណាត់ថ្នាក់លេខ ២ តម្លៃ ១៧៥០រៀលក្នុង១គីឡូក្រាមនិងចំណាត់ថ្នាក់លេខ ៣ តម្លៃ ១៤៥០ រៀលក្នុង១គីឡូក្រាម៕ . សំរិត