ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហជីពគឺជាដៃគូ មិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត

219

 

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលការងារ ជាមួយសហភាពនិងសហព័ន្ធសហជីពចំនួន២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួមរបស់ក្រសួង ក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត ដែលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបនោះ បានធ្វើឡើងនៅទីស្តីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

ក្រៅពីនេះ ជំនួបដ៏មានអត្ថន័យនិងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ក្នុងការជួយជ្រោមជ្រែងនិងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងភាពសុខដុមនីយម្មក្នុងវិស័យការងារនៅកម្ពុជា។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពសុខដុមនីយកម្មក្នុងវិជ្ជាជីវៈផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនេះទាមទារឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករនិយោជិតយល់ពីក្របខណ្ឌគតិយុត្តិនិង កាតព្វកិច្ចរបស់គ្រប់ភាគីដែលត្រូវបានកំណត់ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។
ជំនួបនេះ គឺជាជំនួបទ្រង់ទ្រាយធំលើកទី១ រវាងសហជីពគ្រប់និន្នាការ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាសហជីពគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយការណ៍នេះតម្រូវឱ្យសហជីពទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាពដើម្បីចូលរួមកសាងបរិយាកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។

បើតាមឯកឧត្តមរដ្ឋមន្ត្រី វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយ ការជជែកត្រង់ទៅត្រង់មករវាងសហជីព និងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារនៅកម្ពុជាកាន់តែរឹងមាំនិងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញសម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាគឺជាឋានសួគ៌របស់សហជីពដែលបង្កើតឡើង ដើម្បីការពារប្រយោជន៍ដល់កម្មករ ដែលជាមធ្យមនៅរោងចក្រមួយមានសហជីពមិនតិចជាង៣ផ្សេងគ្នានោះទេ។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនង និងចំណងមិត្តភាពស្អិតរមួត រវាងភាគីទាំងពីរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសជំនួបជាលក្ខណៈដាច់ដោយឡែកនិងជាក្រុមប្រមូលផ្តុំឱ្យបានញឹកញាប់ជាមួយគ្នា។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាលសហជីពទាំងអស់ បានចូលរួមពិសាអាហារសាមគ្គី និងច្រៀងកំសាន្តយ៉ាងសប្បាយរីករាយ ជាមួយគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

 

អត្ថបទដែលជាប់ទាក់ទង