ការសាកល្បងទទួលជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ទទួលបានលទ្ធផលល្អ និងជោគជ័យ
សៀមរាប៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport-SAI) បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។
លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយមន្ត្រី បច្ចេកទេសជាន់ខ្ពស់មួយចំនួន ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនផងដែរ។
ក្នុងការចុះត្រួតពិនិត្យដំណើរការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្មទាំងបីជើងខាងលើ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារ បច្ចេកទេស បានចុះពិនិត្យជាក់ស្តែងនូវដំណើរការមួយចំនួនចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស និងបានវាយតម្លៃខ្ពស់លើ ដំណើរការបញ្ហាចរាចរដែនអាកាសនៅត្រង់ចំណុចប៉មបញ្ជាហោះហើរ ដំណើរការទទួល អ្នកដំណើរតាមផ្លូវអាកាសនៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ដំណើរការ ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់ការឡើងអាកាសយានរបស់អ្នកដំណើរ តាមផ្លូវអាកាស និងការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងបីខាងលើ។
ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជា ច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានបញ្ជាក់ ផងដែរថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែល នឹងចូលរួមចំណែកពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពេលបច្ចុប្បន្ន ពុំអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្គរ។
អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននិងពិភពលោក។
សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១១០០ លាន ដុល្លារអាម៉េរិក ។ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត ជាមួយសមត្ថភាព ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ និងមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕