ជនល្មើសដែលសម្លាប់ប្រពន្ធ និងកូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
ភ្នំពេញ ៖ សមត្ថកិច្ចបានរាយការណ៍ព័ត៌មានបឋមថា ករណីប្ដីកាប់សម្លាប់ប្រពន្ធនិងកូន នៅស្រុកកណ្ដាលស្ទឹង ពេលនេះ ជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅប៉ោយប៉ែត។
អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។
ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណេីត១៤-០៧-១៩៨៣ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅខេត្តកណ្តាល។ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣នេះបានចេញសេចក្តីថ្លងការណ៍ ស្តីពីករណីឃាតកម្ម (សម្លាប់ប្រពន្ធ និងកូន)នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅលើប្រពន្ធឈ្មោះ យឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុ ២ឆ្នាំ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទី នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើ ឱ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីឈឺចាប់ រន្ធត់ តក់ស្លុតឥតឧបមា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជន សង្ស័យជាឪពុក ដែលបង្ហាញពីអំពើឃោរឃៅព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាង ធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិតដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមអំពាវនាវដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ ស្ថានទម្ងន់ទោសមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុង សង្គមជាតិយើងបន្តទៀត៕