ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់ជូនបច្ចុប្បន្នភាពបន្ថែម អំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៉ីស្រាអែល

100

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ព័ត៌មានផ្តល់ជូនបច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៉ីស្រាអែល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាព ការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ដូចតទៅ៖
១. នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ ៤៥០ រូប។ ក្រសួងការបរទេសសូមសម្តែងនូវការសោកស្ដាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ។

២. តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជាចំនួន០៣រូបត្រូវបាន រំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវ ហើយ។ សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជាគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់និងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។

៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

៥. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម៕

អត្ថបទដែលជាប់ទាក់ទង