ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បានប្រកាសពីករណី មនុស្សម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅខេត្តស្វាយរៀង

92

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យសាធារណជនដឹងថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី បានស្លាប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ មា្នក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

អ្នកស្លាប់រូបនេះ ជាបុរស អាយុ ៥០ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ក្រសួងសុខាភិបាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសអាយុ ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែល មានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមការសាកសួរ បង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មក ក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ ប្រមាណជាង ៥០ក្បាល ហើយមាន់ងាប់ នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេត ស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារ របស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់ នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយ នេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ដែលអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេ ហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃឬ ទំនាក់ទំនងក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង