សម្ដេចតេជោ និងលោកប្រធាន យូហេ សាសាកាវ៉ា បានឯកភាពគ្នា មានគោលបំណងបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នាក្នុងគោលបំណងបំពេញទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយ លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation បានបង្ហាញការកោតសរសើរខ្ពស់ ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយពីប្រទេសមួយ ដែលស្ថិតនៅក្នុងស្ថានភាពនៃសង្គ្រាម វិបត្តិដ៏ច្រើន មកជាប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍ សម្បូរសប្បាយអស្ចារ្យ។
លោក យូហេ សាសាកាវ៉ា ក៏បានស្នើសុំអោយ សម្ដេចតេជោ ជួយចែករំលែកនូវបទពិសោធន៍ដឹកនាំ និងការដោះស្រាយបញ្ហាប្រទេសជាតិ ដ៏ប៉ិនប្រសព្វរបស់សម្ដេច និងសរសេរជាសៀវភៅទុកជាមរតកនៃការដឹកនាំ។ ទន្ទឹមនឹងនេះ លោក យូហេ សាសាកាវ៉ា បានលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ា ដោយលោកប្រធាន នៅតែចាត់ទុកថាសម្តេចតេជោហ៊ុន សែន នៅតែជាតួអង្គសំខាន់ ក្នុងការជួយឲ្យមីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃការដឹកនាំកម្ពុជាកន្លងមក។
សម្តេចតេជោបានចែករំលែកនូវបទពិសោធន៍នៃការដោះស្រាយបញ្ហាមួយចំនួនជូនលោកយ៉ូហេ សាសាកាវ៉ា ក្នុងពេលដែលសម្តេចកាន់តំណែង ជានាយករដ្ឋមន្ត្រីនាពេលកន្លងមក បើយសម្តេចក៏បានលើកឡើងផងដែរ ចំពោះបញ្ហានៅដែលមីយ៉ាន់ម៉ាកំពុងជួប សម្តេចនៅតែមានបំណងចង់ឃើញមីយ៉ាន់ម៉ា រួចចាកចេញពីបញ្ហាទាំងឡាយក្លាយ មកជាភាពពល្អប្រសើរ ទោះពេលនេះសម្តេចមិនកាន់តំណែងជានាយករដ្ឋមន្ត្រីក្តី ។
ក្នុងជំនួបនេះសម្ដេចតេជោ និងលោកប្រធាន យូហេ សាសាកាវ៉ា បានឯកភាពគ្នា មានគោលបំណងបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕