អភិបាលរាជធានី ណែនាំអោយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បែងចែកកម្លាំងចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋាន នាឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬ ទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ចនិងមន្ទីរពាក់ព័ន្ធត្រូវត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូកអោយបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
ការណែនាំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដោយការចូលរួមពីស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់ ។ កិច្ចការពារសន្តិសុខនេះក៏ត្រូវបន្តរហូតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោយពីព្រះរាជពិធីនេះបានអាកខានអស់ជាច្រើនឆ្នាំដោយសារការរាត្បាតដោយជម្ងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការរួចរាល់ហើយ ដើម្បីអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។
ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគម្រោងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ ដោយបើតាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករកីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង២០ប្រទីព។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕